កីឡាករ សុខ ចាន់មាន និងប្រតិភូមកដល់មាតុប្រទេសដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ សុខ ចាន់មាន ម្ចាស់ មេដាយមាសកីឡាប៉េតង់ជើងឯកពិភព លោកលើកទី៤៧ និងប្រតិភូបានត្រឡប់ មកដល់មាតុប្រទេសប្រកបដោយភាពជោគជ័យត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្តល់កិត្តិយសយ៉ាងធំធេងចំពោះកីឡាករ សុខ ចាន់មាន ដោយបានរៀបចំការដង្ហែក្បូន អមដោយម៉ូតូស និងរថយន្តចំនួន១២គ្រឿងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សំដៅមកគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាឆ្លងកាត់តាមមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦កន្លងទៅ ។

ពិធីទទួលស្វាគមន៍ម្ចាស់ជើងឯកកីឡាប៉េតង់ពិភពលោកនេះមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡាលោក វ៉ាត់ ចំរើន និងមន្ត្រី ក្រសួងអប់រំយុវជន និងកីឡាព្រមទាំងអ្នកគាំទ្រកីឡាប៉េតង់យ៉ាងច្រើនកុះក ។

ពិធីដង្ហែក្បូនដោយមានម៉ូតូសអមនេះ បានធ្វើឲ្យពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវបរទេសសម្តែងការភ្ញាក់ផ្អើលសាជាថ្មីដោយសារតែស្នាដៃរបស់កីឡាករកម្ពុជាយើងនាំកិត្តិយសមកជូនជាតិមាតុភូមិយ៉ាងធំធេងជា បន្តបន្ទាប់ ។ តួយ៉ាងដូចជាកីឡាការិនី ស៊ន សៀវម៉ី កីឡាការិនី កែ ឡេង កីឡាករ ទិត ភាព ហៅ សែន រ៉ាឌី សុទ្ធតែត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជូននូវកិត្តិយសទទួលជួបសំណេះសំណាលនៅវិមានសន្តិភាពចំពោះស្នាដៃអត្តពលិក ដែលដណ្តើមបានមេដាយពីលើឆាកអន្តរជាតិធំៗនេះ ។

គួររំលឹកថា កីឡាករសុខ ចាន់មាន ប្រកួតឈ្នះមេដាយមាសលើវិញ្ញាសាវាយយក ពិន្ទុគឺ ឈ្នះកីឡាករបារាំងនៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល៣៦ទល់២៩ ។ ជាមួយនឹង ជ័យ ជម្នះនេះដែរ កម្ពុជាបានបញ្ជូនកីឡាករ ៤នាក់ទៅចូលរួមប្រកួតក្នុងនោះមានកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករញ៉ែម បូរ៉ា កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ ព្រមទាំងលោក អុឹម ផាត ជាគ្រូបង្វឹក និង លោក សូម៉ៃ សុខគា អគ្គលេខាធិការរងជាប្រធានប្រតិភូ។

លោក ថោង ខុន មានប្រសាសន៍ថា សម្តេចតេជោនឹងទទួលជួបកីឡាករ សុខ ចាន់មាន នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០១៦វេលា ម៉ោង៤រសៀលនៅវិមានសន្តិភាព ៕

3 4 1 2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print