កីឡាករវាយតឺន្នីសសញ្ជាតិស៊ែប៊ី Novak Djokovic បានសម្រេចចិត្តចែកផ្លូវគ្នាដើរជាមួយនឹងគ្រូបង្វឹក Boris Becker បន្ទាប់ពីពួកគេនៅជាមួយគ្នាអស់រយៈពេល៣ឆ្នាំ។
ក្រោមការបង្វឹកពីលោក Boris Becker កីឡាករលំដាប់លេខ២ពិភពលោក Novak Djokovic បានឈ្នះជើងឯកធំៗ៦ដង។ ប៉ុន្តែ កីឡាករអង់គ្លេស Andy Murray បាន ដណ្តើមតំណែងលេខមួយពិភពលោកពី Novak Djokovic កាលពីខែវិច្ឆិកា ដោយ សារគាត់ធ្លាក់ចេញពីកម្មវិធី Wimbledon នៅជុំទី៣ និងចាញ់ការប្រកួតបើកឆាកនៅក្នុងកម្មវិធីអូឡាំពិក ។
កីឡាករ Djokovic បានថ្លែងពីការ សម្រេចចិត្តបែកផ្លូវជាមួយនឹងគ្រូបង្វឹកខ្លួនថា “ពួកយើងបានទទួលជោគជ័យដោយសម្រេចបានគោលដៅដែលយើងបាន កំណត់ពេលចាប់ផ្តើមធ្វើការជាមួយគ្នា។ ខ្ញុំសូមអរគុណគាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់។ ប៉ុន្តែគម្រោងថ្មីសម្រាប់អាជីពរបស់ខ្ញុំគឺ ផ្តោតយ៉ាងណាឲ្យអាចលេងបានក្នុងកម្រិតខ្ពស់ដដែលហើយខ្ញុំត្រូវការអ្នកថ្មីដើម្បីជួយខ្ញុំសម្រេចទិសដៅថ្មីនេះ”៕
ដោយ៖ ដេវីត