ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីព្រំដែនកម្ពុជា-ថៃបានឲ្យដឹងថា ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមទាំង ៤នាក់ ត្រូវអាជ្ញាធរថៃចាប់ខ្លួន ខណៈពួកគេនាំគ្នាលួចចូលទៅកាប់ឈើក្នុងទឹកដីប្រទេសថៃ កាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចលេខ 50021 42059 (ប្រទេសថៃ)។
សមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា ប្រជាពលខ្មែរដែលត្រូវអាជ្ញាធរថៃចាប់ខ្លួននោះឈ្មោះ កែវ ស ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ អាជ្ញាធរថៃថែមទាំងបាន បង្ហាញវត្ថុតាងរួមមាន រណាដៃចំនួន១ ឈើប្រភេទគ្រញូងចំនួន៤កំណាត់
ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរកម្ពុជាកំពុងទំនាក់ទំនងទៅភាគីថៃ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយគ្នាតាមនីតិវិធីដែរ ។ ប៉ុន្តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេរហូតមកដល់ម៉ោងនេះនោះ ។
សមត្ថកិច្ចបានបន្តទៀតថា ពលរដ្ឋខ្មែរចំនួន៣នាក់ទៀតដែលបានរត់គេចខ្លួនពីការចាប់អាជ្ញាធរថៃនោះទី១-ឈ្មោះ សុទ្ធ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ទី២ឈ្មោះ សុខ និងទី៣ឈ្មោះ ពែក ។ អ្នកទាំង២នាក់ រស់នៅភូមិប៉ែតសិប ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ អ្នកទាំង៣នាក់បាន មកដល់មូលដ្ឋានវិញរៀងហើយ ៕ ដោយ ៖ ប៉ឹម ពិន