ចាប់អ្នកកាសែតជាតិសែនជ័យនិងបក្ខពួកម្នាក់ ជំរិតទារប្រាក់និងក្លែងឯកសណ្ឋាននគរបាលជាតិ

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនអ្នកយកព័ត៌មានឲ្យអង្គភាពសារព័ត៌មានជាតិសែនជ័យម្នាក់ និងបក្ខពួកម្នាក់ទៀតពីបទ “ពីបទជំរិតទារប្រាក់ និងក្លែងឯកសណ្ឋាននគរបាលជាតិ” ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះយកឯកសណ្ឋាននគរបាលជាតិស្លៀកពាក់ ទៅជំរិតទារប្រាក់ពីម្ចាស់ការដ្ឋានសំណង់សួនកំសាន្តមួយកន្លែង កាលពីវេលាម៉ោង០៨ និ៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានសំណង់សួនកំសាន្ត ស្ថិតក្នុងភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ។

លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ណុប ប៊ុនធីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកយកព័ត័មានឲ្យអង្គភាព ជាតិសែនជ័យ មានទីលំនៅបច្ចុប្បន្នភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ម្នាក់ទៀតឈ្មោះ មឿន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួកជេរដី មានទីលំនៅបច្ចុប្បន្ននៅភូមិក្រូច ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកឯដើមបណ្តឹងឈ្មោះ ទឺ លីហ៊ុយ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកបកប្រែ (តំណាងម្ចាស់ការដ្ឋានសំណង់សួនកំសាន្ត) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៨០BE០ ផ្លូវ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

លោក មាន សំណាង បានបន្តថា ក្នុងប្រតិបត្តការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ឯកសណ្ឋាននគរបាលជាតិ (ឯកសណ្ឋានការងារពាក់ស័ក្តិ៣ )០១សម្រាប់ ,វិទ្យុទាក់ទង (អាយឌី)ចំនួន០២គ្រឿង ,នាមប័ណ្ណឈ្មោះ មឿន សុផល (អង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យទីII ក្រសួងមហាផ្ទៃ)ចំនួន០១ដុំ ,ខ្នោះ០១ និងស្រោម០១ ,ស្រោមដៃព៌ណស០១គូរ ,ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ ,ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំស៊ុងណូត (លេខទូរស័ព្ទ015880 726)-ប័ណ្ណព័ត៌មានចំនួន០២(ឈ្មោះ ណុប ប៊ុនធីម) និងមួកប៉ារ៉េ០១ ពណ៌ខ្មៅមានអក្សរPOLICE ។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យទាំង០២នាក់បានស្លៀកពាក់បន្លំខ្លួនជានគរបាលជាតិ ជិះម៉ូតូទៅការដ្ឋានសំណង់របស់ជនរងគ្រោះ សុំធ្វើការត្រួតពិនិត្យសំណុំបែបបទនិងច្បាប់នានា ដោយតាំងខ្លួនជានគរបាលអង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃ ។ ប៉ុន្តែមិនបានជួបជាមួយជនរងគ្រោះនោះទេ ក្រុមជនសង្ស័យក៏បានទុកនាមប័ណ្ណដែលលេខទូរស័ព្ទ0154597773ផ្ញើរឱ្យជនរងគ្រោះ ។

លុះស្អែកឡើងថ្ងៃទី០៦ ខែ/ឆ្នាំដដែល ជនរងគ្រោះតេទូរស័ព្ទទៅជនល្មើស ពេលនោះជនល្មើសបានជំរិតទារលុយពីជនរងគ្រោះចំនួន៣០០ដុល្លា តែជនរងគ្រោះប្រាប់ថាគ្មានលុយទេ សុំឲ្យត្រឹម៥០ដុល្លា ហើយជនល្មើសក៏ព្រមទទួលយក ។ រហូតដល់ព្រឹកថ្ងៃទី០៨ ខែ/ឆ្នាំដដែលទើបក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នាទៅការដ្ឋានជនរងគ្រោះដើម្បីយកលុយ តែពេលទៅដល់ជនរងគ្រោះមិនបានឲ្យលុយទៅជនសង្ស័យនោះទេ ពោលគឺបានប្តឹងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឲ្យជួយអន្តរាគមន៍ចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ដើម្បីចាត់ការតាមច្បាប់ ។

លោក មាន សំណាង បានបញ្ជាក់ទៀតថា កន្លងមកសង្ស័យទាំង០២នាក់ធ្លាប់ប្រព្រឹត្តបទល្មើសក្លែងបន្លំជានគរបាលជាតិ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះអស់ជាច្រើននាក់រួចមកហើយ សកម្មភាពនេះប្រព្រឹត្តនៅរាជធានីភ្នំពេញ ,ខេត្តកំពង់ស្ពឺ ,ខេត្តព្រះសីហនុ និងស្រុកអង្គស្នួល ខេត្តកណ្តាល ។ សកម្មភាពនៅស្រុកអង្គស្នួលធ្វើបានសម្រេចមួយដង ជំរិតទារលុយពីអ្នកកត់កន្ទុយលេខនៅផ្សារថ្នល់ទទឹងបានចំនួន៥ដុល្លារ លើកទី២នេះក៏ត្រូវសមត្ថកិច្ចយើងចាប់ខ្លួនតែម្តង ៕

abc-6-1 abc-1-1 abc-11 abc-3-1 abc-4-1

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print