ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែងដែលជាស្នាដៃដំបូងរបស់ផលិតកម្ម Galaxy នឹងធ្វើការចាក់បញ្ចាំងជូនអ្នកគាំទ្ររបស់ខ្លួនចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ។ ផលិតករខ្សែភាពយន្តនេះនឹងផ្តល់ឱកាសដល់កម្មការិនីប្រមាណ២០០នាក់ដំបូងចូលទស្សនាខ្សែភាពយន្តនេះដោយមិនគិតថ្លៃ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មាននៅផ្សារទំនើប City Mall ថ្ងៃទី៨ ធ្នូនេះ ក្រោមវត្តមានផលិតករ សិល្បករ។
លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy បានបញ្ជាក់ថា ដោយសារតែលោកគឺជាអតីតពលករបម្រើការ នៅតាមរោងចក្រនៅក្នុងប្រទេសកូរ៉េ ទើបលោកសម្រេចផ្ដល់ឱកាសឲ្យកម្មករកម្មការិនី នៅក្នុងប្រទេសកម្ពុជា អាចមានឱកាសទៅទស្សនាខ្សែភាពយន្តរឿង “កំពូលល្ងង់នៅអាស៊ី”ដោយមិនគិតលុយចំនួន២០០នាក់ដំបូង។ លោកថា កម្មករកម្មការិនីនៅគ្រប់បណ្ដារោងចក្រទាំងអស់ នឹងអាចទស្សនាដោយឥតគិតថ្លៃ នៅគ្រប់រោងទំនើបទាំងអស់ដោយគ្រាន់តែ បង្ហាញកាតសម្គាល់ខ្លួនថាជាកម្មកររោងចក្រ ។ លោកថា ចាប់ពីថ្ងៃទី១៥ធ្នូ តទៅ ខ្សែរឿង«កំពូលល្ងង់នៅអាស៊ី» នឹងត្រូវបានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត។ លោកបានបន្តថា “ការពិតសំបុត្រ១ថ្លៃ៣ដុល្លារអីទេ ហើយពួកគាត់មិនមែនខ្វះលុយឡើយ តែឲ្យលឺថា រោងកុនទំនើប ធ្វើឲ្យពួកគាត់មិនហ៊ានចូលទស្សនា” ។ លោកបញ្ជាក់ដែរថា ការ Free សំបុត្រកុនជូនកម្មកររោចចក្រនេះ គឺធ្វើនៅ៦ថ្ងៃក្រោយបន្ទាប់ពីភាពយន្តបានចាក់បញ្ចាំងដោយរឿង “កំពូលល្ងង់នៅអាស៊ី” និងបើកសម្ពោធនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ ដូចនេះ កម្មកររោចចក្រទាំងអស់ ប្រសិនបើចង់ទៅទស្សនាភាពយន្តនេះ ដោយមិនអស់ប្រាក់ត្រូវទៅទស្សនានៅថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៦តទៅ។ ក្រៅពីការប្រកាសនេះលោកក៏បង្ហាញពីក្តីរំពឹងក្នុងការទទួលបានអ្នកគាំទ្រច្រើនចូលទស្សនាខ្សែភាពយន្តដែលជាស្នាដៃដំបូងរបស់ផលិតកម្មលោក ព្រោះតែខ្សែភាពយន្តនេះប្រមូលផ្តុំដោយសិល្បករផលិតករដែលមានបទពិសោធន៍និងប្រជាប្រិយភាពខ្ពស់។ លោកថា ទាំងបច្ចេកទេសថត និងខ្លឹមសារសាច់រឿងនេះពិតនឹងធ្វើឲ្យអ្នកទស្សនាទទួលបានភាពសប្បាយរីករាយ កម្សត់ រន្ធត់ជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថា រឿង “កំពូលល្ងង់នៅអាស៊ី” ជាប្រភេទរឿងមនោសញ្ចេតនា បែបកំប្លែងទំនើប ដែលប្រជុំទៅដោយតារាល្បីៗជាច្រើន មានដូចជា នាយ ពែកមី នាយ គ្រឿន នាយកណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា កញ្ញា រីយ៉ា ជាដើម។ ខ្សែភាពយន្តនេះត្រូវបានចំណាយដើមទុនក្នុងការផលិតប្រមាណ៦ម៉ឺនដុល្លារអាមេរិក។ បទចម្រៀង “កំពូលល្ងង់នៅអាស៊ី” ដែលផលិតកម្មបង្ហោះលើបណ្ដាញសង្គមកន្លងមក មានអ្នកគាំទ្រជាង២លានដងហើយចំពោះTrailer រឿងវិញ មានអ្នកទស្សនារហូតដល់ទៅជិត២លានដងផងដែរ៕
https://youtu.be/uzlyL4YoCTk
ដោយ៖ វឌ្ឍនា