ភ្នំពេញ៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក្នុងឱកាសជួបសំណាលជាមួយកីឡាករបាញ់កាំភ្លើងកម្ពុជា៧នាក់ត្រៀមចេញទៅចូលរួមប្រកួតបាញ់កាំភ្លើង ASIA-PACIFIC IPSC Handgun Championship Level 3-2016 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ បានថ្លែងថា សម្រាប់វត្តមានកីឡាករបាញ់កាំភ្លើងកម្ពុជាលើកទី១បានទៅចូលរួម ប្រកួតនេះ ទោះបីមិនអាចដណ្តើមយកពាន រង្វាន់ត្រឡប់មកវិញក្តី ប៉ុន្តែពួកគេនឹង ទទួលបានបទពិសោធន៍ចំណេះដឹង និង ទំនាក់ទំនងល្អជាមួយបណ្តាប្រទេសដទៃទៀត ។
ប្រធានសហព័ន្ធរូបនេះបញ្ជាក់ថា ការណ៍ ដែលសហព័ន្ធបាញ់កាំភ្លើងរៀបចំឲ្យមានកីឡាករទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិលើកនេះ គឺដើម្បីបង្ហាញថា កីឡាកម្ពុជាកំពុងជំរុញឲ្យមានសកម្មភាពលើ វិស័យកីឡាបាញ់កាំភ្លើងនៅកម្ពុជាឡើងវិញ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបែបទេសចរណ៍មួយនេះ និងដើម្បីចូលរួមការពារសណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គមផងដែរ ។
ព្រឹត្តិការណ៍ប្រកួតកីឡាបាញ់កាំភ្លើងដែលគេប្រសិទ្ធនាមថា ASIA-PACIFIC IPSC Handgun Championship Level 3-2016 និងចាប់ផ្តើមប្រកួតពីថៃ្ងទី៩ដល់ថៃ្ងទី១១ ខែធ្នូ ឆ្នាំ២០១៦មានប្រទេសចូល រួមចំនួន១០ដូចជាកម្ពុជា កាន់ណាដា ន័រវេស អូស្រ្តាលី ស្រីលង្កា ហុងកុង ហ្វុីលីពីន ឥណ្ឌូនេស៊ី ប្រទេសអីុស្រាអែល និងម្ចាស់ថៃមានកីឡាករកីឡាការិនី២៤៨នាក់ ក្នុងនោះថៃមានកីឡាករ១៧២នាក់ ក្នុងចំណោម២៤៨នាក់មកពីបណ្តាប្រទេសខាងលើ។ ដោយឡែកសម្រាប់កម្ពុជាវិញបានបញ្ជូនកីឡាករបាញ់កាំភ្លើង៧នាក់ដូចជា កីឡាករ គឺម ផារុន, កីឡាករសេង វិទូ, កីឡាករ លឹម ហួរនីតា, កីឡាករដួង មុន្នី, កីឡាករ ថាន ចំរើន, កីឡាករ វង់ ពិលី និង កីឡាករ ហូ សិទ្ធិគុណ៕
ដោយ៖ សារីម