កម្មវិធីស្បៀងអាហាររបស់អង្គការ សហប្រជាជាតិបានឲ្យដឹងថា មានមនុស្សជាង៨០០លាននាក់នៅជុំវិញពិភពលោកខ្វះអាហារបរិភោគ។ ភាគច្រើនស្ថិតនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍ដែលក្នុងចំណោមនោះមានកុមារជាង១០០លាននាក់។
បច្ចុប្បន្នមានកុមារជាង៦៦លាននាក់គ្រប់អាយុទៅសាលាមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគទេ ភាគច្រើនស្ថិតនៅក្នុងតំបន់អាហ្វ្រិក។
ចំណែកនៅក្នុងតំបន់អាស៊ីវិញមនុស្សជាង៤៩០លាននាក់ប្រឈមនឹងគ្រោះអត់ឃ្លាន ហើយបើតាមសេចក្ដីរាយការណ៍ថ្មីពីយូអិនក៏បានឲ្យដឹងដែរថា ប្រសិនបើមិន មានវិធានការល្អត្រូវបានធ្វើឡើងឲ្យបានឆាប់នោះទេ តំបន់អាស៊ីអាចនឹងប្រឈម នឹងការរាជ័យពីការប្រយុទ្ធប្រឆាំងគ្រោះ អត់ឃ្លានខាងលើនេះ ។
សារព័ត៌មាន CNN បានចេញផ្សាយដោយលើកឡើងពីសេចក្ដីរាយការណ៍ របស់អង្គការកសិកម្ម និងស្បៀងអាហារ អង្គការសហប្រជាជាតិឲ្យដឹងថា តំបន់ អាស៊ីប៉ាស៊ីហ្វិកគឺជាជម្រករបស់ជនអត់ឃ្លានទូទាំងពិភពលោករហូតដល់ទៅ ៦០ភាគរយ ហើយផ្ដោតសំខាន់លើតំបន់ អាស៊ីអាគ្នេយ៍តែម្ដង ។
ជាច្រើនឆ្នាំកន្លងមកអ្នកស្លាប់ដោយ អត់អាហារបានថយចុះ ប៉ុន្តែនៅមានប្រទេស មួយចំនួនបាននិងកំពុងបង្ហាញពីការព្រួយបារម្ភនៃការកើនឡើងនូវវិបត្តិមួយនេះនៅ ក្នុងប្រទេសដូចជាប្រទេសអាហ្វហ្គានីស្ថាន និងហ្វុីលីពីនជាដើមដែលវិបត្តិនៃអ្នកអត់ឃ្លានមានការរីករាលដាលខ្លាំងស្ទើរតែពេញ ផ្ទៃប្រទេស៕
ប្រែសម្រួល៖ ម៉ែវ សាធី