ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យសហការនិងប៉ុសិ៍្តរដ្ឋបាលចាក់អង្រែក្រោមឆ្មក់ចូលទីតាំងលក់គ្រឿងញៀនមួយកន្លែងដកហូតវត្ថុតាងគ្រឿងញៀនចំនួន១៣កញ្ចប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលកំពុងលក់គ្រឿងញៀននៅក្នុងផ្ទះម្តាយរបស់ខ្លួន។
ហេតុការណ៍ចុះបង្រ្កាបទីតាំងលក់គ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង២ និង០៥នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៧E0 ផ្លូវលំ ភូមិព្រែកតាឡុង៣ ក្រុម២៩ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
លោកអនុសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត នាយនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែក្រោមបានឲ្យដឹងថា ក្នងករណីចុះបង្ក្រាបឆ្មក់ចូលទីតាំងខាងលើនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបានសហការនិងកម្លាំងប៉ុសិ៍្តចាក់អង្រែក្រោមឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សំ ស៊ី នឿន (កូនម្ចាស់ផ្ទះ) ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំខាងលើ។ ក្នុងនោះកម្លាំងយើងក៏បានដកហូតថ្នាំញៀនបានចំនួន១៣កញ្ចប់ ខណៈដែលជនសង្ស័យកំពុងលក់ថ្នាំញៀននៅក្នុងផ្ទះរបស់ខ្លួន។ លោកនាយប៉ុសិ៍្តដដែលបន្តថា ហើយនៅព្រឹកថ្ងៃទី១០ធ្នូនេះកម្លាំងយើងនិងបន្តចាប់ខ្លួនបក្ខពួក៤នាក់នាក់បន្ថែមទៀត។ ក្រោយពីសាកសួរជនសង្ស័យនៅស្នាក់ប៉ុសិ៍្តរដ្ឋបាលរួចមក ជនសង្ស័យរួមនិងវត្ថុតាងក៏បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមាន ជ័យចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
ដោយឡែកលោកវរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យទទួលបន្ទុកផ្នែកយុតិ្តធម៌ និងអន្តរាគមន៍ក៏បានបញ្ជាក់បន្ថែមថា បន្ទាប់មកលោកបានដឹកនាំ បន្តចុះឆ្មក់ចូលបង្ក្រាបនៅទីតាំងតំបន់មិនរៀបរយស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនិងវត្ថុតាងគ្រឿងញៀនចំនួន១៨កញ្ចប់ផងដែរនារសៀលថ្ងៃដដែលនេះ។
លោកអនុសេនីយ៍ទោ ហ៊ុត វណ្ណា នាយប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើបានឲ្យដឹងដែរថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះ ហ៊ិន ត្រា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំ នៅភូមិសំរិតពាយ ឃុំនគរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានមុខរបរជាងឈើ និងឈ្មោះ សាន ផៃជីង ភេទប្រុស អាយុ១៨ឆ្នាំ ក្នុងនោះវត្ថុតាងដកហូតគ្រឿងញៀនចំនួន១៨កញ្ចប់។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ តាឡឹម