ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈគ្រប់ទម្រង់ Apsaras Award 2016 រដូលកាលទីបីរបស់ទូរទស្សន៍អប្សរា បានឈានដល់វគ្គបិទបញ្ចប់ប្រកាសលើកពានកាលពីរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នាសាលសនិ្នសិទចតុមុខ។ កម្មវិធីនេះត្រូវបានចូលរួមដោយ រដ្ឋមន្រី្តក្រសួងព័ត៌មាន មន្ត្រីក្រសួងពាក់ព័ន្ធនិងតារាល្បីៗមកពីគ្រប់ជំនាន់ចូលរួម។
ក្នុងឱកាសនោះសិល្បករដែលលើកពានទាំង២០រូប(ប្រុស១០រូប)ត្រូវបានធ្វើពិធីប្រកាសលទ្ធផលរៀងៗខ្លួននូវជំនាញដែលខ្លួនបានសម្តែងដែលជាប្រភេទវិញ្ញាសាទម្រង់សិល្បៈគ្រប់ទម្រង់មានយីកេ ល្ខោនបាសាក់ អាយ៉ៃ ការសម្តែងសាច់រឿង ចម្រៀងសម័យ សៀកព្រមទាំងវិញ្ញាសាជាច្រើនទៀតផងដែរ ។ នេះជារយៈពេលមួយឆ្នាំពេញគិតតាំងពីដើមឆ្នាំ២០១៦មកទល់ចុងឆ្នាំដែលតារាមានឈ្មោះទាំង២០រូបត្រូវចូលខ្លួនមកប្រកួតកម្មវិធីនៅប៉ុស្តិ៍អប្សរានេះផងដែរក្រោមការតាមដានវិនិច្ឆ័យពីគណ:កម្មការជាប់រហូតមកទាំងការគោរពពេលវេលាវិន័យ និងសុជីវធម៌ជាដើម។
សិល្បករទាំងអស់បានទទួលពានកិត្តិយសទាំងអារម្មណ៍រំភើប ក្តុកក្តួលនិងអួលដើមកខ្លះបង្ហូរទឹកភ្នែកនៅលើឆាកផ្សាយផ្ទាល់ទាំងអារម្មណ៍ត្រេកអរគ្រាការតស៊ូតាំងពីដំបូងនៃសិល្បៈបានសម្រេចគោលដៅ។
អ្នកគ្រប់គ្រងនិងផលិតកម្មវិធីលោក ហ្វៃ សំអាង បានថ្លែងឲ្យដឹងថា ទំរាំតែតារាទាំងអស់លើកពានគឺពួកគេលត់ដំវិញ្ញាសាអស់ជាច្រើនទម្រង់ក្នុងផ្នែកសិល្បៈធ្វើការងារសិល្បៈហត់នឿយណាស់ពោលចង់ឲ្យគាត់ចេះសម្តែងចេះគោរពពេលវេលាមិនមែនគ្រាន់តែស្អាតហើយស្រលាញ់សិល្ប:សម្តែងមិនកើតលេងមិនសមនោះទេ។ ដូចនេះអប្សរាអឹវើតតែងតែលើកស្ទួយសិល្បៈវប្បធម៌ខ្មែរទាំងបុរាណនិងសម័យជារៀងរហូតមកហើយនេះជារដូលកាលទីបីដោយយើងនឹងនៅតែបន្តរដូលកាលក្រោយទៀតមិនមែនជាការបិទបញ្ចប់កម្មវិធីនេះនោះទេ។ លោកបន្តថា លោកសូមអរគុណដល់ថ្នាក់ដឹកនាំទូរទស្សន៍អប្សរាដែលផ្តល់ឱកាសជូនក្រុមការងាររបស់លោកបានដំណើរការកម្មវិធីបន្តពីមួយទៅមួយក័ដូចជាតារាទាំងបីជំនាន់នៃកម្មវិធីអប្សរាអឹវើតតែងតែជួយគាំទ្ររួមសហការមកប្រកួតគ្នាទោះហត់នឿយក៏នាំគ្នាទ្រាំ នេះជាការលើកស្ទួយសិល្ប:ទាំងអស់គ្នា។លើសពីនេះក៏អរគុណដល់ទស្សនិកជនផងដែរ ដែលគាំទ្រស្ថានីយ៍ទូរទស្សន៍អប្សរាអស់ពេលជាយូរធ្វើឲ្យនៅតែមានការដំណើរការរហូតមក។
ពានរង្វាន់មនោសញ្ចេតនានិងកម្សត់បានល្អលោកយឹម សម្បត្តិ ពានរង្វាន់មនោសញ្ចេតនាកំប្លែងនិងឈ្លើយបានល្អ លោកនរៈ កក្កដា ពានរង្វាន់មនោសញ្ចេតនានិងកាចបានល្អ កញ្ញា មិច ម៉ានីកា ពានរង្វាន់មនោសញ្ចេតនានិងកម្សត់បានល្អ កញ្ញាអាង សូនីតា ពានរង្វាន់មនោសញ្ចេតនានិងកម្សត់ និងកាចបានល្អ កញ្ញាដួង ម៉ានិច ពានរង្វាន់មនោសញ្ចេតនា កម្សត់ និងកំប្លែងបានល្អ លោកប្រាក់ ប៉ាកន ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អ លោកឌីម ឧត្តម ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អ លោកណារ៉ា ពានរង្វាន់មនោសញ្ចេតនាកម្សត់និងកំប្លែងបានល្អ លោកដែនសក្កដា ពានរង្វាន់មនោសញ្ចេតនា កម្សត់ និងកំប្លែងបានល្អ លោកម៉ាដូណា ពានរង្វាន់មនោសញ្ចេតនា កំប្លែងនិងកាចបានល្អលោករតន: វិសិដ្ឋ។ ពានរង្វាន់គោរពពេលវេលាល្អឥតខ្ចោះ១០រង្វាន់ មាន កញ្ញាអ៊ឹង និមល លោកថមមី អ្នកនាង និន សុធារ៉ា លោកលាង ឧត្តម កញ្ញាឌី សូនីតា លោក ណារ៉ា លោករតន: វិសិដ្ឋ លោកដែន សក្កដា លោកឌីម ឧត្តម និងកញ្ញា ដួង ម៉ានិច។
ពានរង្វាន់Super Starដែលអាចសម្តែងបានគ្រប់ទម្រង់វិញ្ញាសារបានទៅកញ្ញា លី ច័ន្ទសីហា លោក លាង ឧត្តម អ្នកនាងស៊ុន ណារីម៉ូនីកា លោកថម មី អ្នកនាងនិន សុធារ៉ា និងកញ្ញាឌី សូនីតា៕
ដោយ៖ វឌ្ឍនា