ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបានបញ្ចប់សន្និសីទអន្តរជាតិលើកទី១៣ និងកិច្ចប្រជុំគណៈកម្មាធិការ នៃបណ្តាញអន្តរជាតិ ស្តីពីទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រែ ដែលបានប្រពឹត្តទៅអស់រយៈពេល២ថ្ងៃរួចមក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៦ ប្រតិភូគណៈកម្មាធិការនៃបណ្តាញអន្តរជាតិស្តីពី ទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រែ (INWEPF) មកពី ១០ ប្រទេស រួមមាន កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ស្រីលង្គការ ជប៉ុន កូរ៉េខាងត្បូង និងបង់ក្លាដេស ព្រមទាំងអ្នកស្រាវជ្រាវ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ សរុបចំនួន ៩០រូប បានទៅបំពេញទស្សនកិច្ច និងធ្វើការសិក្សាស្វែងយល់នៅប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
គណៈប្រតិភូ INWEPF បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ឡើង និងបានសង្កត់ធ្ងន់ថា នេះគឺជាវិធានការជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុ ។
គួរបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រ អាងត្រពាំងថ្ម កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ធ្វើការពង្រឹង និងពង្រីកសក្តានុពលបន្ថែមជាបន្តបន្ទាប់ ដើម្បីឱ្យប្រព័ន្ធនេះ ឈានទៅស្តុកទឹកបានប្រមាណ ៣០០ លានម៉ែត្រគូប និងស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ២៥.០០០ ហិកតា និងប្រាំង ចំនួន ១០.០០០ ហិកតា ៕ ដោយ ៖ ហេង សូរិយា