ជនជាតិដើមភាគតិចចារ៉ាយយកប្រពៃណីដាក់សម្ពាធលើសមត្ថកិច្ចអនុវត្តច្បាប់

ចែករំលែក៖

ខេត្តរតនគិរី ៖ ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយប្រមាណជិត៤០០នាក់ក្នុងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅបាននាំគ្នាមកឃាត់សមត្ថកិច្ច ខណៈដែលសមត្ថកិច្ចនិងមន្ត្រីរដ្ឋបាលព្រៃឈើចុះរឹបអូសឈើដែលឈ្មួញរកស៊ីខុសច្បាប់លាក់ទុកក្នុងភូមិសាស្ត្រភូមិ-ឃុំ ខាងលើ ។

លោក ក្លាន វេង តំណាងចាស់ទុំភូមិបាន ឲ្យដឹងថា ការដែលសមត្ថកិច្ចចុះមកបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិប៉ាដលនាពេលនេះ គឺធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់់របស់ពួកគាត់ដោយគាត់អះអាងថា ការចុះមកបង្ក្រាបនេះមានរថយន្តតូចធំ មានអាវុធគ្រប់ដៃ ធ្វើឲ្យព្រលឹងដូនតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាពួកគាត់ ភ័យស្លន់ ស្លោ រត់ចេញពីភូមិហើយធ្វើឲ្យអ្នកភូមិជួបគ្រោះមហន្តរាយផ្សេងៗ ។ ដូច្នេះការដែល ក្រុមអ្នកភូមិលើកគ្នាមកឃាត់សមត្ថកិច្ច នាពេលនេះគឺគ្រាន់តែសុំថវិការមួយចំនួន ពីសមត្ថកិច្ច ដើម្បីយកទៅទិញស្រាពាងជ្រូកមាន់ទាជាដើមសែនព្រេនដល់ព្រលឹងដូនតា បើមិនដូច្នេះទេ គឺពួកគាត់មិនឲ្យក្រុមសមត្ថកិច្ចចូលភូមិសាស្ត្រគពួកាត់ជាដាច់ខាត ។
លោក សុខ មីន មេបញ្ជាការកងរាជ អាវុធហត្ថស្រុកអូរយ៉ាដាវដែលបានដឹកនាំកម្លាំងចុះបង្ក្រាបឈើខុសច្បាប់នាពេលនេះបានឲ្យដឹងថា ប្រពៃណី គឺជាប្រពៃណី ច្បាប់គឺជាច្បាប់លោកគោរពប្រពៃណីរបស់ពួកគាត់តែលោកក៏គោរពច្បាប់ដែរ ។

ដូច្នេះលោកក៏បានផ្តល់ថវិកាមួយចំនួន ឲ្យពួកគាត់ដើម្បីុយកទៅធ្វើពិធីប្រពៃណី ហើយ ឈើខុសច្បាប់ដែលលាក់ទុកក្នុងភូមិ សាស្ត្រនេះកម្លាំងចម្រុះនឹងរឹបអូស ។

លោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការ នគរបាលខេត្តបានឲ្យដឹងថា វាជាការពិបាកមួយសម្រាប់សមត្ថកិច្ច ដែលចុះអនុវត្តច្បាប់ត្រូវបានក្រុមជនជាតិដើមភាគតិចយក ប្រពៃណីដាក់សម្ពាធលើសមត្ថកិច្ច បើយើង ធ្វើតាមច្បាប់ប៉ះពាល់ដល់ប្រពៃណីរបស់ពួកគាត់ ដូច្នេះមានតែសម្របខ្លួនតាមពួកគាត់ទើបការងារបានជោគជ័យ ។
គួរបញ្ជាក់ថា ករណីខាងលើនេះក៏បានកើតឡើងនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវដូចគ្នាដែរ ហើយសមត្ថកិច្ចបរាជ័យក្នុងការបង្ក្រាបនាពេលកន្លង ទៅនេះ ៕ វុទ្ធឦសាន

...

img-20161209-wa0308 img-20161209-wa0311 img-20161209-wa0313

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print