ខេត្តកំពង់ធំ៖ សហព័ន្ធកីឡាបេស្បលកម្ពុជាបានរៀបចំការប្រកួតមិត្តភាពអន្តរជាតិនៅទីលានបឹងសំរឹទ្ធិ ស្ថិតក្នុងឃុំ ប្រាសាទបាល្ល័ង្ក ស្រុកបារាយណ៍ ខេត្ត កំពង់ធំកាលពីថៃ្ងទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយ មានក្រុមកីឡាករចូលរួមចំនួន៥ក្រុម ក្នុងនោះម្ចាស់ផ្ទះមាន៣ក្រុមនិងមកពីប្រទេសម៉ាឡេស៊ីនិងវៀតណាមចំនួន២ក្រុម។ ការ ប្រកួតនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោក ញ៉ែម ថាវី ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា។
លោក ញ៉ែម ថាវី ប្រធានសហព័ន្ធ កីឡាបេស្បលកម្ពុជាបានឲ្យដឹងថា ការ ប្រកួតកីឡាបេស្បលជាលក្ខណៈមិត្តភាពអន្តរជាតិលើកទី១នេះ មានក្រុមចូលរួមនេះប្រកួតចំនួន៥ក្រុម ក្នុងនោះក្រុមមកពី ប្រទេសម៉ាឡេស៊ីនិងក្រុមមកពីប្រទេសវៀតណាមមាន២ក្រុម ចំណែកឯកម្ពុជា មានចំនួន៣ក្រុម ក្នុងនោះក្រុមបរទេសនៅ ស្រុកកម្ពុជាចំនួន២ក្រុម និងក្រុមជម្រើសជាតិកម្ពុជា១ក្រុមផងដែរ។
លោកបានបន្តទៀតថា មូលហេតុដែលនាំឲ្យសហព័ន្ធបង្កើតឲ្យមានការប្រកួតមិត្តភាពអន្តរជាតិបែបនេះឡើងគឺក្នុងគោលដៅមួយចង់វាស់ស្ទង់កម្រិតបច្ចេកទេស របស់ក្រុមជម្រើសជាតិកម្ពុជានិងក្រុមបរទេសដើម្បីធ្វើការវាយតម្លៃពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមជម្រើសជាតិក្នុងន័យស្ថាបនាកែលម្អ និងអភិវឌ្ឍបច្ចេកទេសឲ្យបានប្រសើរឡើង។ ពិសេសចង់ បង្ហាញពីកីឡាបេស្បលក្មេងៗជាថ្នាលរបស់សហព័ន្ធដែលកំពុងទទួលបានការបណ្តុះបណ្តាលនៅក្នុងជំរំប្រមូលផ្តុំកីឡាបេស្បលកម្ពុជានិងឲ្យពួកគេទស្សនាការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ ទុកជាបទ ពិសោធន៍សម្រាប់ការប្រកួតផ្សេងៗ ក្នុងការតៀមលក្ខណៈធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
លោកប៊ូជុំ សេរី មានប្រសាសន៍ថា ការ ប្រកួតមិត្តភាពអន្តរជាតិនាពេលនេះជាការសាកល្បងសមត្ថភាពបច្ចេកទេសក្នុងការគ្រប់គ្រងរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិធំៗដើម្បីវាយតម្លៃមើលថា តើ ការរីកចម្រើនរបស់សហព័ន្ធកីឡាបេស្បល កម្ពុជាយើងអាចមានលទ្ធភាពគ្រប់គ្រាន់ឬនៅសម្រាប់ទទួលយកការប្រកួតមិត្តភាព អន្តរជាតិនានាពិសេសនៅឆ្នាំ២០២៣ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះជាលំហាត់ត្រៀមមួយដើម្បីឈានឆ្ពោះទៅរកការរៀបចំការប្រកួតមិត្តភាពឲ្យបានល្អប្រសើរនាពេលក្រោយផងដែរ៕
ដោយ៖ សារីម