ទីភ្នាក់ងារព័ត៌មានទួរគី Anadolu បាន ផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ថា ប៉ូលិសទួរគីបានឃុំខ្លួនមនុស្ស១១៨ នាក់ក្នុងសកម្មភាពឆ្មក់ទៅលើគោលដៅ មន្ត្រីបក្សប្រជាជាតិប្រជាធិបតេយ្យដែល ជាអ្នកគាំទ្រក្រុមឃើដដោយចោទប្រកាន់ពីការមានទំនាក់ទំនងជាមួយក្រុមឧទ្ទាម PKK ។
ការឆ្មក់បង្ក្រាបនេះបានកើតឡើង ក្រោយពេលក្រុមបក្សពលករឃើដ (PKK) កាលពីថ្ងៃអាទិត្យបានប្រកាសទទួលខុសត្រូវការវាយប្រហារគ្រាប់បែក២លើក ដែលសម្លាប់មនុស្ស៣៨នាក់ និងជាង ១៥៥នាក់ផ្សេងទៀតរងរបួសនៅខាងក្រៅពហុកីឡដ្ឋានទីក្រុងអីុស្តង់ប៊ូល។
ប្រភពព័ត៌មានពីកងកម្លាំងយោធា ប្រទេសទួរគីបានថ្លែងថា ប៉ុន្មានម៉ោងបន្ទាប់ ពីប្រកាសទទួលខុសត្រូវការវាយប្រហារគ្រាប់បែកខាងលើយន្តហោះចម្បាំងទួរគីបានបើកប្រតិបត្តិការវាយប្រហារតាមដែនអាកាសប្រឆាំងទៅលើគោលដៅ PKK ស្ថិត នៅភាគខាងជើងអីុរ៉ាក់បំផ្លាញទីស្នាក់ការកណ្តាលរបស់ក្រុមឧទ្ទាមកម្ទេចទីតាំងទុកអាវុធ និងជម្រក។
កាសែត Anadolu បានផ្សព្វផ្សាយថា នៅមុនពេលថ្ងៃលិចកម្លាំងប៉ូលិសប្រមាណ ៥០០នាក់គាំទ្រដោយកាំភ្លើងយន្ត និង ឧទ្ធម្ភាគចក្រ១គ្រឿងបានធ្វើប្រតិបត្តិការនៅភាគខាងត្បូងទីក្រុង Adana ហើយ បានចាប់ឃុំខ្លួនមន្ត្រី HDP ២៥នាក់ ។
ជាមួយគ្នានេះដែរ ក្រុមប៉ូលិសប្រឆាំងភេរវកម្មនៅក្នុងទីក្រុងអីុស្តង់ប៊ូលជាករណីដាច់ដោយឡែកបានចាប់មន្ត្រី HDP ២០ នាក់បញ្ជូនចូលមន្ទីរឃុំឃាំង ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ផងដែរ។ ប៉ូលិសប្រឆាំងភេរវកម្មបាននិងកំពុងស្រាវជ្រាវទីតាំងផ្សេងៗទៀតក្នុងនោះមានទីស្នាក់ការកណ្តាល គណបក្សផងដែរ ដែលស្ថិតនៅទីក្រុងនោះ។
មន្ត្រីជាន់ខ្ពស់គណបក្ស HDP នៅ ទីក្រុង Ankara ក្នុងចំណោម១៧នាក់ស្ថិតនៅក្រោមការវាយឆ្មក់។ មនុស្ស៥១នាក់ត្រូវបានចាប់ឃុំខ្លួននៅភាគខាងត្បូងទីក្រុង Mersin និង៥នាក់ផ្សេងទៀតស្ថិតនៅភាគពាយព្យខេត្ត Manisa ។
មេដឹកនាំគណបក្ស HDP ក្រុមប្រឆាំងធំលំដាប់ទី២ក្នុងសភាត្រូវបានចាប់ខ្លួនដាក់ ពន្ធនាគាររង់ចាំបន្តសវនាការពាក់ព័ន្ធបទចោទប្រកាន់មានទំនាក់ទំនងជាមួយក្រុម PKK ។ ជានិច្ចកាលរដ្ឋាភិបាលទីក្រុង Ankara បានចោទប្រកាន់គណបក្ស HDP ថា ជាអ្នកបង្កើតឲ្យមានក្រុមឧទ្ទាម។
ក្រុមឧទ្ទាម PKK ជាអង្គការមួយដែល ទួរគី អាមេរិក និងសហភាពអឺរ៉ុបចាត់ទុកថា ជាក្រុមភេរវកម្ម ៕
ប្រែសម្រួល៖ ម៉ែវ សាធី