ខេត្តស្វាយរៀង ៖ កម្មការិនីរោងចក្រម្នាក់បានរងរបួសបាក់ជើងសន្លប់ស្ដូកស្ដឹងនិងកន្លែងខណៈដើរឆ្លងថ្នល់មិន
ប្រយត្ន័ក៏ត្រូវម៉ូតូ១គ្រឿងបុកពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦
លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចទល់មុខវិទ្យាល័យជីភូរ ស្ថិតក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុង បាវិតខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា ស្ត្រីរងគ្រោះឈ្មោះសំ ភក្រា អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ
មានទីលំនៅភូមិកំពតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ត្រូវបានអ្នកភូមិដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ។
រីឯអ្នកបើកម៉ូតូមានឈ្មោះ ភុន បូរ៉ា អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១E៣៦៩៥ខូចខាតយ៉ាងដំណំ ។
បើតាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងដោយធ្វើដំណើរពីលិចមកកើតលើកំណាត់ផ្លូវជាតិលេខ១ មកដល់ចំណុចកើតហេតុស្រាប់តែមាននារីម្នាក់បានដើរឆ្លងផ្លូវមិនប្រយត្ន័ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្ដាលអោយខ្ទាតជិត៥ម៉ែត្រសន្លប់ស្ដូកស្ដឹងនិងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចមកអន្តរាគមន៏និងបញ្ជូននារីរងគ្រោះមកកាន់មន្ទីរពេទ្យ ។ ចំណែកម៉ូតូមកកាន់ប៉ុស្ត័រដ្ឋបាលដើម្បីដោះស្រាយពេលក្រោយ ៕ ដោយ ៖ យឹមសុថាន