ខេត្តរតនគិរីៈ មន្ត្រីនគរបាលវរការពារព្រំដែនគោកលេខ៦២៣ ម្នាក់បានស្លាប់នៅក្នុងរថយន្តរបស់ខ្លួនមិនដឹងមូលហេតុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចប៉ុស្តិ៍សង្កេតការអូរលាវ ស្ថិតតាមខ្សែបន្ទាប់ព្រំដែន ក្នុងភូមិក្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដោយប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចទើបបានដឹងហេតុការណ៍នេះកើតឡើង ។
លោកវរសេនីយ៍ឯកងួន សុវណ្ណា មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ បានឲ្យដឹងថាមន្ត្រីនគរបាលវរៈព្រំដែនដែលស្លាប់នោះមានឈ្មោះ បូ សារិន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ជានាយរងបុស្តិ៍ សង្កេតការលេខ៧០១ ប្រពន្ធឈ្មោះ អែម មឹម អាយុ៥៥ឆ្នាំ មុខរបរជាមេផ្ទះ មានកូនស្រីចំនួន២នាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានស្លាប់ដោយសារខ្យល់គនៅក្នុងឡានម៉ាកម៉ុងតេរ៉ូ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2C-8533 ដែលគាត់បានបើកឡានទៅប្រទេសវៀតណាមដើម្បីទិញម្ហូបអាហារយកមកបរិភោគនៅក្នុងប៉ុស្តិ៍សង្កេតការនោះ ព្រោះទឹកដីខ្មែរគ្មានផ្សារនៅក្បែរនោះទេ បើកមកទិញម្ហូបនៅផ្សារមានចំងាយរហូតដល់៧០គីឡូម៉ែត្រឯណោះ ។
ការស្លាប់របស់មន្ត្រីនោះមិនអាចសុំការបំភ្លឺពីលោកប្រធានការិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានទេ ដោយលោកបញ្ជាក់ថារងចាំការស្រាវជ្រាវអោយគ្រប់ជ្រុងជ្រោយទើបអាចបញ្ជាក់ពីមូលហេតុនោះបាន។ បច្ចុប្បន្នសាកសពមន្ត្រីសមត្ថកិច្ចព្រហ្មទណ្ឌ និងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រក៏បានប្រគល់ទៅហើយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ដោយ៖ សាវុទ្ធ