ភ្នំពេញ៖ សិស្សសាលាសុវណ្ណភូមិ៣នាក់ ទទួលរងការគម្រាមស្ទាក់ចាំវាយតាមផ្លូវបណ្តាលឲ្យដួលម៉ូតូកប់ភក់ដីខ្សាច់ ប្រឡាក់ខោអាវ ដោយសារមានក្រុមក្មេងស្ទាវមួយក្រុមគ្នា៣នាក់ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ផ្អើលសមត្ថកិច្ចដេញតាមចាប់តែមិនបានបន្ទាប់ពីក្រុមក្មេងស្វាវបើកម៉ូតូរត់គេចទៅបាត់ ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុឃើញក្មេងសិស្សសាលាសុវណ្ណភូមិគ្នា៣នាក់ ទី១ឈ្មោះ គុណ សុខហ៊ួរ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស ទី២ឈ្មោះ គុណ សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ទី៣ឈ្មោះភា រី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ។ ទាំង៣នាក់មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកក្រុមជនបង្ក មានគ្នា៣នាក់ អាយុលើសពី១៦ឆ្នាំ មិនស្គាល់ឈ្មោះ បានគេចខ្លួនបាត់ ។
មុនពេលកើតហេតុ ក្មេងរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DO-8749 ចេញពីសាលារៀនសុវណ្ណភូមិ ក្បែរកន្លែងកើតហេតុគោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែដល់មុខជ្រុងខាងលិចសាលាសង្កាត់ចោមចៅ ស្រាប់តែមានក្មេងស្ទាវមួយក្រុមគ្នា៣នាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿង ស្ទុះចុះមកស្ទាក់មុខក្រុមក្មេងសិស្សសាលាវាយទាញផ្តួលម៉ូតូ បណ្តាលឲ្យដួលកប់ភក់ដីខ្សាច់រងរបួសស្រាល ។
ហេតុការណ៍ខាងលើភ្លាមៗ ផ្អើលពលរដ្ឋ សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ក្បែរនោះរត់ដេញចាប់តែមិនទាន់ បន្ទាប់ពីក្រុមក្មេងស្ទាវ ឡើងជិះម៉ូតូរត់គេចទៅបាត់ ។
ក្រោយកើតហេតុ ក្មេងរងគ្រោះត្រូវបានលោកគ្រូនាំទៅចូលសាលាងូតទឹកសម្អាតកាយ រួច ហើយត្រូវបានអាណាព្យាបាលមិនសុខចិត្ត ទើបនាំក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។
ក្រោយពីទទួលពាក្យបណ្តឹងពីក្មេងរងគ្រោះរួចសមត្ថកិច្ចបានកោះហៅភាគីម្ខាងទៀតរួមទាំងអាណាព្យាបាលមកធ្វើការសម្របសម្រួលគ្នាដោយមានការសម្របសម្រួលពីនគរបាល ទើបអាណាព្យាបាលទាំងសងខាងបានព្រមព្រាងគ្នាដោយធ្វើកិច្ចសន្យានិងអប់រំកូនកុំឲ្យប្រព្រឹត្តអំពើនេះទៀត ៕
...
ដោយ៖ សុខាសែនជ័យ