ខេត្តស្ទឹងត្រែង ៖ អ្នកលក់សាច់សត្វព្រៃ មានសាច់សត្វស្រស់ សាច់សត្វក្រៀម និងសត្វនៅរស់ ជាច្រើនប្រភេទ ត្រូវបានក្រុមអន្តរាគម៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃចល័តថ្នាក់ជាតិ សហការ ជាមួយកំលាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបនិងរឹបអូសបានសត្វរស់និងងាប់ជាច្រើន គីឡូក្រាម ឃាត់អ្នកលក់បានម្នាក់ ។ ការចុះបង្ក្រាបនេះធ្វើឡើងនៅផ្សារក្រុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៦ ។
មន្ត្រីជំនាញរបស់អង្គការសត្វព្រៃចល័តវាយអេដសន៍បានអោយដឹងថា កំលាំងចម្រុះរបស់ លោករឹបអូសបានរួមមាន អណ្តើកសោមឈ្មោល រស់៤ក្បាល ទំងន់៣.៥០គីឡូក្រាម សត្វត្រកួត រស់៣ក្បាល ទំងន់៣.៥គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ ទំងន់១៧គីឡូក្រាម សាច់ឈ្លូសស្រស់ ទំងន់៧គីឡូក្រាម សាច់ប្រើសស្រស់ ទំងន់១២.៥គីឡូក្រាម រញីភ្លើង ចំនួន៣ក្បាល សាច់ប្រម៉ាស្រស់ ទំងន់២គីឡូក្រាម សត្វអន្សោងរស់១ក្បាល ទម្ងន់៦.៥គីឡូក្រាម សរុបទាំងអស់មានទម្ងន់ ៦០គីឡូ២ខាំ ។
មន្ត្រីជំនាញរបស់អង្គការវាយអេដសន៍បានបញ្ជាក់ថា អ្នកលក់សាច់ព្រៃដែលបានចាប់ឃាត់ ខ្លួននោះមាន ឈ្មោះ គុជ សុខាកញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មានមុខរបរលក់សាច់សត្វព្រៃ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងជា ។
បច្ចុប្បន្នសាច់សត្វព្រៃងាប់ត្រូវបានជីករណ្តៅកប់នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។ រីឯ សត្វព្រៃនៅរស់ត្រូវបានក្រុមអង្គការសម្ព័ន្ធមិត្តវាយអេដសន៍យកទៅលែងនៅព្រៃធម្មជាតិ ។
ដោយឡែកស្ត្រីលក់សត្វសាច់ព្រៃ ខាងអង្គការសម្ព័ន្ធមិត្ត យកទៅអប់រំណែនាំ និងធ្វើការផាកពិន័យនួន៩៦ម៉ីនរៀលទៅតាមច្បាប់របស់រដ្ឋបាលព្រៃឈើ និងឲ្យធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅ ផ្ទះវិញ ៕ មាស សុផាត