បុរាណខ្មែរបានពោលថា «បានពីក្អែក ចែកតាវៅ» ដែលន័យនេះស្រដៀងនឹងពាក្យ សាមញ្ញថា «បានអីស៊ីចែកគ្នារស់»គឺសំដៅពីការចែករំលែកផលរួមអ្វីមួយទៅដល់ សមាជិកថ្នាក់ក្រោមបានរស់ទាំងអស់គ្នាដោយមិនស៊ីដាច់តែឯង ។
ការពិតទៅពំនោលបុរាណខ្មែរនេះហាក់ដូចជាជំរុញឲ្យបុគ្គលទាំងឡាយនៅពេលទទួលបានផលអ្វីមួយដែលកើតចេញពីក្រុម ឬពួករួមគ្នាធ្វើបានដោយជោគជ័យនោះ ត្រូវតែចេះសាមគ្គីគ្នា និងចែករំលែកផលទាំងនោះបានរស់ទាំងអស់គ្នាទោះតិចឬ ច្រើនក្តី ។
នៅសង្គមខ្មែរយើងមានតិចណាស់នឹងទង្វើ «បានពីក្អែក ចែកតាវៅ» ឬ «បានអីស៊ី ចែកគ្នារស់» ព្រោះបើពិនិត្យទៅរាល់ការលោភលន់របស់បុគ្គលណាមួយនោះបើបាន ផលអ្វីមួយគួរឲ្យមោទនភាពហើយគឺរមែងលាក់លៀមលាក់បំពួនខ្លាចគេដឹង ខ្លាចគេសុំ នោះហើយគេហៅថា «មនុស្សអាចម៍ក្តាប់ ឬជុះអាចម៍លីដំបង»។ មនុស្សជំពូកនេះ មានច្រើនដែរក្នុងសង្គមខ្មែររហូតអ្នកខ្លះនិយាយថា បើមិនជុះអាចម៍លីដំបងធ្វើម្តេច មានឡានទំនើបរាប់ឡូត៍ជិះនិងមានវីឡាត្រជាក់ស្កឹមស្កៃរស់នៅយ៉ាងសុខដុមរម្យនា?ជាងនេះទៅទៀតមនុស្សធុននេះបើជាមន្រី្តរាជការវិញអាចងាយរកមូលហេតុឃើញ ច្បាស់ណាស់នូវទង្វើលាក់បំពួនរបស់ខ្លួនដើម្បីកេងប្រវ័ញ្ចពុករលួយប៉ុណ្ណោះ ។
ពួកពុករលួយគេមិនដែលទម្លាយឲ្យដឹងទង្វើអាក្រក់របស់ខ្លួន ឬមានវប្បធម៌បានលាភយកមកចែករំលែកដល់អ្នកដទៃដូចពាក្យបានពីក្អែកចែកតាវៅនោះឡើយ ពោល ក្រៅពីលាក់លៀមស្មូរកំណាញ់គឺមិនបានជួយដល់សង្គមនោះទេ ។
នាយជាលសូមសរសើរ និងលើកឧទាហរណ៍ទាក់ទងពំនោលបុរាណខ្មែរដែល ពោលថា បានពីក្អែកចែកតាវៅ សម្រាប់បុគ្គលកីឡាករ(អត្តបុគ្គល)បើទោះជាខ្លួនទទួល បានរង្វាន់ជាបុគ្គលផ្ទាល់ខ្លួនលើសលប់យ៉ាងណាក៏ដោយ ក៏បុគ្គលនេះមិនហាមាត់ លេបត្របាក់តែម្នាក់ឯងទេ គឺសុខចិត្តបេះយកទៅចែករំលែកផលនេះទៅឲ្យបុគ្គលផ្សេង ក្នុងក្រុមទោះតិចក្តី ច្រើនក្តីឲ្យសមនឹងពាក្យថា «បានអីស៊ីចែកគ្នារស់» នោះហើយគេ ហៅថាចែកគ្នារស់ ។
និយាយបែបនេះមិនសំដៅទៅលើបុគ្គលណាម្នាក់នោះទេតែបើបុគ្គលនោះយល់ថា នាយជាលនិយាយត្រូវគួរតែយកវប្បធម៌ចែករំលែកចែកគ្នារស់ដាក់ក្នុងខ្លួនខ្លះទៅ កុំស៊ីតែឯងមិនក្រែងចិត្តគេប្រយ័ត្នបែកពោះដូចហ៊ីង ៕
ដោយ៖ នាយជាល