លោក Douglas Lute តំណាងអាមេរិកប្រចាំនៅអង្គការណាតូបានប្រកាសនៅ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ABC news ថា តាមទស្សនៈផ្ទាល់ខ្លួនរបស់ លោក រុស្ស៊ីគ្មានគម្រោងវាយប្រហារណាតូនោះឡើយ។
លោក Douglas Lute បញ្ជាក់ថា «ខ្ញុំជឿជាក់ថារុស្ស៊ី គ្មានគម្រោងវាយ ប្រហារណាតូឡើយ ប៉ុន្តែមិនមានន័យថាយើងមិនការពារនោះឡើយ។ នៅពេលនេះអាមេរិកមានតួនាទីការពារសន្តិសុខ ដល់ប្រទេសជាមិត្ត ដូចជា Estonia ជាដើមដោយសារតែប្រទេសនោះស្ថិតនៅក្នុង តំបន់យុទ្ធសាស្ត្រជាប់ព្រំដែនរុស្ស៊ី ងាយ រងការវាយប្រហារពីរុស្ស៊ី។
តាមការប្រកាសរបស់មន្ត្រីណាតូ អង្គការនេះទទួលខុសត្រូវ ការពារសម្ពន្ធ មិត្តដែលអាចរងការវាយប្រហារពីរុស្ស៊ី។
លោក Douglas Lute បានបញ្ជាក់ថា បើទោះបីរុស្ស៊ីបានវាយប្រហារតាមបណ្តាញ នៅក្នុងការបោះឆ្នោតអាមេរិកមិនស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរុស្ស៊ី ណាតូ ក្តី ប៉ុន្តែប្រទេសមួយចំនួននឹងលើកឡើងពី បញ្ហាខាងលើ។
ការប្រកាសខាងលើរបស់មន្ត្រីអាមេរិកកើតឡើងក្រោយពេលដែលរុស្ស៊ី និង អាមេរិកមានសញ្ញាល្អប្រសើរនឹងគ្នាវិញនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នាពេលខាងមុខ។ លោកត្រាំបានតែងតាំងបុគ្គលដែលមានភាពជិតស្និទ្ធនឹងរុស្ស៊ីឲ្យកាន់តំណែងសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល។
កន្លងមកលោកប្រធានាធិបតីពូទីន បានសម្តែងសេចក្តីសង្ឃឹមថា ក្រោម រដ្ឋបាលលោកដូណាល់ ត្រាំ រុស្ស៊ី មុខជានឹង អាចរៀបរយទំនាក់ទំនងជាមួយអាមេរិក ឲ្យបានរលូនឡើងវិញ។ លោក ត្រាំ ក៏ធ្លាប់បានបង្ហើបឲ្យដឹងពីគោលជំហរបែបនេះដែរ ពីខាងគាត់។ ប៉ុន្តែតាំងពីឥឡូវទៅហើយ ពីខាងមន្ត្រីខ្លះនៃរដ្ឋបាលលោក អូបាម៉ា ដែលសូម្បីជិតផុតអាណត្តិក្តី ក៏ខំទូន្មានលោកត្រាំឲ្យប្រយ័ត្នប្រយែងជានិច្ចក្នុង ទំនាក់ទំនង ជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះ សភាតំណាងអាមេរិកាំងម្សិលម៉្ងៃបានចាប់ផ្តើមប្រយុទ្ធទៅហើយទល់នឹង”ឥទ្ធិពលស្ងាត់ៗ”ពីខាងរុស្ស៊ី។
លោកពូទីនបានបញ្ជាក់ទៀតថា «យុទ្ធនាការបោះឆ្នោតនៅអាមេរិកបានចប់សព្វគ្រប់ទៅហើយ ជាង១ខែទៀតនឹងមានប្រធានាធិបតីថ្មីឡើងកាន់តំណែងខ្លួនក្នុងសេត វិមានក្រុងវ៉ាស៊ីនតោន។ ខ្ញុំចង់សម្តែងនូវ ជំនឿថា ខណៈនោះនឹងមានលេចចេញនូវភ័ព្វសំណាងដើម្បីរៀបរយទំនាក់ទំនងរុស្ស៊ី អាមេរិកឲ្យបានធម្មតាវិញ ដ្បិតវាសំខាន់ មិនគ្រាន់តែសម្រាប់ប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏សម្រាប់សហគមន៍អន្តរ ជាតិទាំងមូល សម្រាប់ធានាស្ថិរភាព និង សន្តិសុខក្នុងលោក»។
លោកពូទីនក៏បានឲ្យដឹងថា «នាកិច្ច សន្ទនាតាមទូរស័ព្ទពេលថ្មីៗជាមួយលោកដូណាល់ ត្រាំ ភាគីទាំងពីរបានមូលមតិ គ្នាថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកបច្ចុប្បន្ន មិននាំឲ្យសោមនស្សឡើយ ម៉្លោះហើយ បានជាត្រូវតែកែវាឲ្យប្រសើរឡើង។ ដូច ដែលខ្ញុំធ្លាប់បាននិយាយទៅហើយ ភាគី រុស្ស៊ីត្រៀមដើរឲ្យបានផុតចំណែករបស់ ខ្លួននៅលើផ្លូវនេះ»។
គួរនិយាយថា លោកត្រាំក៏ចង់មាន ទំនាក់ទំនងស្រួលបួលដែរជាមួយលោក ពូទីន។ បំណងបែបនេះ ត្រូវបានគាត់បន្លឺ ឡើងក្នុងបទសម្ភាសន៍ពេលថ្មីៗកន្លងមក ទៅកាសែតThe New York Time។
ប៉ុន្តែ តាំងពីឥឡូវទៅ ហើយនៅបស្ចិម លោកផ្ទាល់មានបន្លឺឡើងជាការទូន្មាន លោក ត្រាំ ឲ្យប្រកាន់ឥរិយាបថមធ្យ័ត ក្នុងការសេពគប់ជាមួយរុស្ស៊ី។ ឧទាហរណ៍ នាយកចារកិច្ចអាមេរិកាំងលោកJohn Brennan ក្នុងបទសម្ភាសន៍ទៅ BBC បានទូន្មានលោកត្រាំឲ្យប្រយ័ត្នប្រយែងចំពោះពាក្យសន្យារបស់រុស្ស៊ីក្នុងរឿងស៊ីរី។ តាម សម្តីគាត់៖ «ខ្ញុំមិនជឿឡើយថា រុស្ស៊ីនឹង សុខចិត្តធ្វើសម្បទាន ដរាបណាដែលគេចេះតែទទួលបានជោគជ័យលើសមរភូមិស៊ីរី»៕
ប្រែសម្រួល៖ ម៉ែវ សាធី