ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងថៃ ថ្ងៃទី១៩ ខែធ្នូបានពិភាក្សាគ្នាថា នឹងបើកច្រកទ្វាតាមបន្ទាត់ព្រំដែនចំនួន៤បន្ថែម ហើយថាការបើកច្រកទ្វារព្រំដែននោះ បានធ្វើឡើងបន្ទាប់ពីមានលំហូរចេញចូលពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២នៅតាមតំបន់នោះកំពុងមានកំណើនឡើង។
ក្នុងជំនួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Chalermchai Sithisad លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា នៅក្នុងជំនួបពិភាក្សាគ្នានាពេលនេះ គឺភាគីក្រសួងការពារជាតិប្រទេសទាំងពីរ បានពិភាក្សាគ្នាថានឹងជំរុញឲ្យមានការបើកជាផ្លូវការ និងជំរុញឲ្យក្លាយជាច្រកទ្វាអន្តរជាតិ ទៅលើច្រកទ្វាចំនួន៤ រួមមាន ច្រកអានសេះក្នុងខេត្តព្រះវិហារ ច្រកថ្មដូន ច្រកជាំ ក្នុងខេត្តឧត្តរមានជ័យ និងច្រកមួយទៀតនៅក្នុងខេត្តកោះកុង។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មានប្រសាសន៍ថា បច្ចុប្បន្នភាគីទាំង២ បាននិងកំពុងពិភាក្សាគ្នាតាមផ្លូវច្បាប់ និងជួយសម្រួលធ្វើយ៉ាងណាឲ្យច្រកទាំងនោះ គឺអាចចេញចូលគ្រប់ពេលវេលា។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងចំណោមច្រកទាំងបួន គឺមានច្រកមួយចំនួនក្នុងមួយសប្ដាហ៍បើកតែមួយថ្ងៃ ហើយច្រកខ្លះគឺបានអនុញ្ញាតឲ្យចេញចូលតែពេលថ្ងៃ និងហើយការបើកគឺមិនមានការទៀងពេលច្បាស់។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកឡើងនៅក្នុងជំនួបនោះថា ភាគីក្រសួងការពារជាតិកម្ពុជា និងភាគី អគ្គបញ្ជាការដ្ឋានទ័ពជើងគោកថៃ នឹងបង្កើនការផ្លាស់ប្ដូរកិច្ចទំនាក់ទំនង និងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយថា កន្លែងណាភាគីកងទ័ពទាំងពីរនៅមិនទាន់មានការស្រុះស្រួលគ្នា គឺត្រូវខិតស្វែងកិច្ចពិភាក្សាដើម្បីស្វែងរកការឯកភាពគ្រប់បញ្ហាទាំងអស់ដូចជា ការទប់ស្កាត់ ការបង្ក្រាបបទល្មើសឆ្លងដែន ដែលមានដូចជា ការឆ្លងកាត់កាប់ឈើ និងការខិតខំស្វែងរកកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរលើផ្នែកផ្សេងៗទៀត៕