ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦បានរៀបចំពិធីប្រគល់និងទទួលជំនួយពីរដ្ឋាភិបាលចិន ដែលផ្តល់សម្ភារជាង៣០មុខ ក្នុងនោះមានរថយន្តចំនួន ៤៤គ្រឿង ម៉ូតូ២៩គ្រឿងរួមទាំងសម្ភារច្រើនមុខផ្សេងៗទៀត គិតជាទឹកប្រាក់ជិត១២លានដុល្លារ ដើម្បីបម្រើដល់ការងាររៀបចំ ការបោះឆ្នោតនៅកម្ពុជា។
ពិធីនេះធ្វើឡើងក្រោមការចូលរួមពី លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក ស្យុង ព័រឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀត នៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានផ្ដល់រថយន្តចំនួន ៤៤គ្រឿង និងសម្ភារៈជាច្រើនទៀត មានតម្លៃជាង ១១លានដុល្លារ ដែលនេះគឺជាការផ្ដល់ជំនួយលើកទី៣ហើយ របស់ប្រទេសចិនដល់ស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជា។
ជំនួយនេះមិនមានលក្ខខណ្ឌអីទេ គឺចិនចង់ពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា។លោកថា សម្ភារៈដែលចិនផ្តល់ឱ្យមានដូចជា រថយន្តចម្រុះចំនួន ៤៤គ្រឿង បរិក្ខាការងារ ទូរទស្សន៍ តុកៅអី និងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួនជាង១១លានដុល្លារអាមេរិក”។
អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ឲ្យដឹងដែរថា កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ រដ្ឋាភិបាលចិនបានផ្តល់ជំនួយជាសម្ភារៈដល់ គ.ជ.ប ចំនួន១០មុខម្តងរួចមកហើយ។ ជំនួយទាំងនោះ រួមមាន ម៉ាស៊ីនភ្លើង ១៧០គ្រឿង កុំព្យូទ័រ ៥៥គ្រឿង កុំព្យូទ័រយួរដៃ ៣០គ្រឿង ម៉ាស៊ីនព្រីន ៥៥គ្រឿង មាស៊ីនព្រីនខូល័រ ២០គ្រឿង ម៉ាស៊ីនស្កែន ៤០គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ៣៧គ្រឿង ផ្ទាំងក្រណាត់បញ្ចាំងស្លាយ ៣៧គ្រឿង ម៉ាស៊ីនហ្វូតូកូពី ២គ្រឿង និងឧបករណ៍បំពងសំឡេង ៨គ្រឿង។ ចំពោះការផ្តល់លើកនេះទៀតគឺជាលើកទី៣ របស់ចិនសម្រាប់យកទៅប្រើប្រាស់ក្នុងការងារបោះឆ្នោតនៅកម្ពុជា៕
ដោយ៖ ប្រាថ្នា