ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់ក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលបានសហការគ្នាដេញ ចាប់ចោរលួចម៉ូតូម្នាក់ ខណៈម្ចាស់ឈប់ម៉ូតូភ្លេចដកសោ ដោយបានស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ជាក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពូល វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់វាលវង់ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ម៉ូតូរបស់ជនរងគ្រោះម៉ាកស្គូពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1K-1770 ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីទិញម្ហូបវិញបានទុកម៉ូតូនៅមុខផ្ទះ ដោយមិនបានដកកូនសោរចេញពីម៉ូតូទេ រួចក៏យកម្ហូបទុក និងដើរទៅបោសសម្អាតក្នុងផ្ទះ ។ ជនសង្ស័យឃើញឱកាសល្អ បានលបចូលមកលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ក៏រត់ដេញតាមស្រែកថា ចោរៗ ទើបមានប្រជាពលរដ្ឋក្នុងភូមិសហការគ្នាជួយអន្តរាគមន៍ ដោយយកគោយន្តកន្ត្រៃដាក់ស្ទាក់ផ្លូវទើបឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងបានស្វាគមន៍ចោរម្នាក់តិចៗបណ្តាលឲ្យរងរបួសធ្ងន់ ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ម៉ូតូទៅឲ្យជនរងគ្រោះវិញ ។ ចំណែកជនសង្ស័យនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជន រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ជាយក្រុង
















