កីឡាការិនី Petra Kvitova ដែលជា ជើងឯក Wimbledon ២ជំនាន់បានរងរបួស ដោយសារជនមិនស្គាល់មុខយកកាំបិត ចាក់នៅក្នុងផ្ទះរបស់នាង ហើយបានទទួល ការវះកាត់លើប្រអប់ដៃឆ្វេងរបស់នាង។ នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាតឺន្នីស ឆេកប្រកាសកាលពីថ្ងៃពុធ ។
ការវះកាត់ដែលចំណាយពេល៣ម៉ោងនិង៤៥នាទីបានប្រកាសឲ្យដឹងថា របួសដៃឆ្វេងរបស់កីឡាការិនីសញ្ជាតិឆេកម្នាក់នេះ មានសណ្ឋានធ្ងន់ធ្ងរបំផុត ប៉ុន្តែគ្មានហេតុផលណានាំឲ្យយល់ឃើញថានាង មិនអាចលេងការប្រកួតវាយតឺន្នីសម្តង ទៀតឡើយ ។ នេះបើតាមការឲ្យដឹងពី លោក Karel Tejkal អ្នកនាំពាក្យរបស់ កីឡាការិនី Petra Kvitova ។
កីឡាការិនី Petra Kvitova នឹងអវត្ត មានពីការប្រកួត Australian Open និងការប្រកួតជាច្រើនទៀតប្រចាំរដូវកាលថ្មី ខណៈ ដែលរូបនាងមិនអាចវិលត្រឡប់មកហ្វឹកហាត់ពេញលេញវិញបានរយៈពេល៣ខែ។
កីឡាការិនី Petra Kvitova បានដាច់សរសៃប្រអប់ដៃឆ្វេងរបស់នាងជាមួយនឹងរបួសជាច្រើនទៀតលើម្រាមដៃទាំង៥របស់ នាង។ ជើងឯកវាយតឺន្នីសឆ្នាំ២០១១ និង ២០១៤នៅក្លិប All England Club រូបនេះ បាននិយាយថា នាងពិតជាមានសំណាងខ្លាំងណាស់ដែលអាចនៅរស់បានពីការ វាយប្រហារកាលពីព្រឹកថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០១៦នៅទីក្រុងភាគខាងកើត Prostejov របស់ប្រទេសឆេក ។
កីឡាការិនី Petra Kvitova បាន សរសេរនៅលើ Twitterថា ដើម្បីការពារខ្លួននាងធ្វើឲ្យនាងរងរបួសធ្ងន់ត្រង់ប្រអប់ ដៃឆ្វេងរបស់នាង។ នាងពិតជាតក់ស្លុតខ្លាំង ណាស់ ប៉ុន្តែវាពិតជាសំណាងណាស់ ដែលនាងអាចនៅរស់ ។
មន្ត្រីប៉ូលិសក្រុង Prostejov បានអះ អាងថា ជនមិនស្គាល់មុខដែលចាក់ទៅលើកីឡាការិនី Petra Kvitova គឺជាបុរសម្នាក់មានវ័យប្រហែល៣៥ឆ្នាំបានរត់គេចចេញពីកន្លែងកើតហេតុ ហើយបច្ចុប្បន្នកម្លាំង ប៉ូលិសកំពុងតាមចាប់ ៕
ដោយ៖ ដេវីត










