នៅថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ បណ្តាញព័ត៌មានធំៗរបស់ចិនបានថ្កោលទោសប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានតែងតាំងមន្ត្រីមានទស្សនៈប្រឆាំងចិនឲ្យចូលកាន់តំណែងសំខាន់នៅក្នុងជួររដ្ឋាភិបាលថ្មីគឺលោក Teter Navarro។ សកម្ម ភាពខាងលើនឹងធ្វើឲ្យមានការប្រឈមមុខតានតឹងរវាងអាមេរិកនឹងចិន។
កាលពីថ្ងៃទី២២ ខែធ្នូ លោក ដូណាល់ ត្រាំ បានសម្រេចជ្រើសរើសលោក Peter Navarro មកពីមហាវិទ្យាល័យកាលីហ្វ័រ នីញ៉ា មានអាយុ៦៧ឆ្នាំធ្វើជាប្រធានគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកនៅក្នុងជួរ គណៈរដ្ឋមន្ត្រីថ្មី។ លោក Navarro ជាអ្នក ឯកទេសសេដ្ឋកិច្ច មានទស្សនៈនយោ បាយតឹងតែងជាមួយចិន។
សារព័ត៌មានរ៉យទ័របានដកស្រង់អត្ថ បទរបស់សារព័ត៌មានជាតិចិនឲ្យដឹងថា «រដ្ឋាភិបាលថ្មីអាមេរិកត្រូវតែចងចាំថា ទំនាក់ទំនងរវាងប្រទេសមហាអំណាច សេដ្ឋកិច្ចទាំង២នៅលើពិភពលោកពេលនេះជិតស្និទ្ធនឹងគ្នាជាងពេលណាទាំង អស់។ ដូច្នេះ ប្រសិនបើមានសកម្មភាពអ្វីមួយបង្ករប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំង២នោះ ប្រទេសទាំង២នឹងត្រូវខាត បង់ដូចគ្នា។
នៅពេលនេះចិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងគំនាបពីរដ្ឋាភិបាល ដូណាល់ ត្រាំ។ ទីក្រុងប៉េកាំងបានសាំុទៅនឹងភាពតានតឹងក្នុងទំនាក់ទំនងជាមួយ អាមេរិក។ ប្រសិនបើទីក្រុងវ៉ាងស៊ីនតោននៅតែឌឺដងនោះចិនក៏មិនខ្លាចប្រឈម មុខនោះដែរ។
លោក Peter Navarro ជាអ្នកនិពន្ធដ៏ល្បី មួយរូប ដោយលោកបានចេញផ្សាយនូវសៀវភៅមួយមានចំណងជើងថា «ស្លាប់ ដោយសារតែចិន» ឈ្មោះសៀវភៅដែលលោកបានសរសេរជាភាសាអង់គ្លេសគឺ «Death By China » «How America Lost Its Manufacturing Base ?» (ស្លាប់ដោយ សារចិន) (តើអាមេរិកនឹងបាត់បង់វិស័យផលិតបែបណា?)។
លោក Peter Navarro ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យកាលីហ្វ័រនីញ៉ា។ លោក បានចេញសៀវភៅជាច្រើននិយាយអំពីសេដ្ឋកិច្ច និងការគំរាមកំហែងពីប្រទេស ចិនដល់សេដ្ឋកិច្ចអាមេរិក។ លោកធ្លាប់ បានព្រមានពីមហិច្ឆតារបស់ចិនទំាងវិស័យយោធា និងសេដ្ឋកិច្ចនៅលើពិភព លោក។
ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានលើកសរសើរលោក Peter Navarro ថាជាសេដ្ឋកិច្ចវិទូ មានចក្ខុវិស័យមើល ឃើញឆ្ងាយ។ ទាំងនោះហើយទើបលោក ត្រាំ សម្រេចជ្រើសរើសរូបលោកឲ្យចូល កាន់តំណែងសំខាន់មួយនេះ ដើម្បីជួយ ដល់សេដ្ឋកិច្ចអាមេរិកកាន់តែរីកចម្រើន។
វិស័យពាណិជ្ជកម្មគឺជាគន្លឹះសំខាន់បំផុត របស់លោក ត្រាំ នៅក្នុងពេលឃោសនា បោះឆ្នោត។ លោកបានប្រកាសថានឹង ដំឡើងពន្ធដារដល់ប្រទេសមុិចស៊ីកូ ដើម្បី ការរីកចម្រើន។
ក្រៅពីបញ្ហាសេដ្ឋកិច្ច លោក Peter Navarro បានធ្វើឲ្យចិនមិនសូវសប្បាយចិត្តឡើយ ដោយសារតែលោកធ្លាប់បានអំពាវនាវដល់អាមេរិកបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ លោកបានស្នើដល់អាមេរិកឲ្យជួយផលិតនាវាមុជទឹករបស់កោះតៃវ៉ាន់ផងដែរ។ លោកក៏បានស្នើដល់អាមេរិកឲ្យឈប់ពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយ ហើយទទួលស្គាល់តៃវ៉ាន់ជាប្រទេសឯករាជ្យផ្តាច់ខ្លួចចេញពីចិន៕
ប្រែសម្រួល៖ ម៉ែវ សាធី










