ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី១) រងរបួសធ្ងន់២៦នាក់ (ស្រី១៥) និងរងរបួសស្រាល៣៥នាក់ (ស្រី២៨) ។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១៦គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង ។ មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ៖ បើកលឿន , ជែង ស្រវឹង,មិនប្រកាន់ស្តាំ,មិនគោរពសិទ្ធ និងងងុយដេក ។
របាយការណ៍ដដែលឲ្យដឹងទៀតថា រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ច្រើនរួមមាន៖ ភ្នំពេញ , ព្រៃវែង , កំពត ,កំពង់ សោម ,ពោធិ៍សាត់ , ក្រចេះ ,កណ្តាល និងបន្ទាយមានជ័យ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរ បាលជាតិដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញបានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧៥លើក ក្នុងនោះស្លាប់១០៨នាក់ របួសធ្ងន់២៧៧នាក់ និងរបួសស្រាល ២២៦នាក់ ៕