ភ្នំពេញ៖ បុរសម្នាក់បើករ៉ឺម៉កម៉ូតូបត់ស្ដាំមិនប្រយ័ត្នជ្រុលប៉ះរថយន្ដការីមួយគ្រឿងដែលចតនៅកែងផ្លូវបណ្ដាលរថយន្ដធ្លាក់កាងខាងមុខរងការខូចខាតហើយបែរជាទាមទារឲ្យម្ចាស់រថយន្ដសងខូចខាតទៅវិញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៨២ កែងផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺគេបានឃើញរថយន្ដកាមរី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2M-8885 ឈប់នៅកន្លែងកើតហេតុដោយសារតែរថយន្ដខូចទៅមុខមិនរួច ខណៈដែលកំពុងចតរង់ចាំគ្នាមកអូសយកទៅជួសជុលផងនោះ ហើយក៏ស្រាប់តែមានរ៉ឺម៉កម៉ូតូមួយគ្រឿងដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ទិសដៅពីកើតទៅលិចហើយបត់ស្ដាំបំណងឡើងផ្លូវ២២៣ហើយដោយបត់មិនប្រយ័ត្នក៏ប៉ះក្បាលរថយន្ដពីចំហៀងផ្នែកខាងឆ្វេងបណ្ដាលឲ្យកៀរធ្លាក់កាងមួយចំហៀង។
ក្រោយពីកើតហេតុម្ចាស់រ៉ឺម៉កម៉ូតូបែរជាទាមទារឲ្យម្ចាស់រថយន្ដសងថ្លៃខូចខាតទៅវិញតែម្ចាស់រថយន្ដមិនព្រមសងនោះទេដោយប្រាប់ថាឲ្យយកទៅណាយកទៅ។ ដោយមានការសម្របសម្រួលពីកម្លាំងសមត្ថកិច្ចនិងអ្នកនៅជិតកន្លែងកើតហេតុទើបភាគីទាំងសងខាងព្រមទៅផ្ទះរៀងៗខ្លួនដោយពុំមានអ្នកណាសងអ្នកណាឡើយ៕
ដោយ៖ ព្រែកជ័យ