ខេត្តកំពង់ឆ្នាំង៖ បុរសជាជាងផ្សារដំបូលម្នាក់បានរងបួសផុងលលាដ៏ក្បាលសន្លប់ស្តូកស្តឹង និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក្នុងពេលដែលជនរងគ្រោះឡើងផ្សារដំបូលអគារោងចក្រអឹមនិងវ៉េ ភ្លាត់ស្នៀតរអិលធ្លាក់មកដីកំពស់ជាង៥ម៉ែត្រ។
ករណីធ្លាក់ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតរពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឈួន វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូំមិចេក ឃុំឈើទាល ស្រុកសា្វយជ្រុំ ខេត្តស្វាយរៀង គឺជាកម្មករជាងផ្សារដែក ។
អ្នកឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅលើដំបូលអគារ F ដែលជាអគារឃ្លាំងដាក់អំបោះ និងសម្ភារ ដើម្បីធ្វើការជួសជុលដំបូលអគារ នៅពេលដែលកំពុងតែជួសជុលដំបូលអគារ ជនរងគ្រោះបានលើកស័ង្កសីបានមួយសន្លឹកហើយ ស្រាប់ថយមកក្រោយចាប់ផ្តើមលើកស័ង្កសីសន្លឹកទី២ ក៏ភ្លាត់ស្នៀតរអិលជើងធ្លាក់ផ្ងារក្រោយពីលើដំបូលអគារមកដល់ខាងក្រោមតែម្តង បណ្តាលឲ្យជនរងគ្រោះសន្លប់ស្តូកស្តឹងអត់ដឹងខ្លួនតែម្តង ភ្លាមៗនោះត្រូវបានគេដឹកបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរផ្នែកខាងក្រោយក្បាល គ្រូពេទ្យមិនអាចជួយសង្រ្គោះបាន បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង ៕
ដោយ៖ ចន្ថា