ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានសារភាពថា លោកមិនអាច ទប់ទឹកភ្នែកបានឡើយនៅក្នុងពិធីជប់លៀង ចែកផ្លូវគ្នារបស់មន្ត្រីក្រោមឱវាទរបស់លោក ដែលបានអមដំណើរគ្នារយៈពេល៨ឆ្នាំកន្លងមក។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Axe files ដែលបានផ្សព្វផ្សាយកាល ពីថ្ងៃទី២៦ ខែធ្នូ លោក អូបាម៉ា បានលើក ឡើងពីទស្សនៈរបស់លោក ពេលកាន់ អំណាចរយៈពេល២អាណត្តិកន្លងមក។ លោក អូបាម៉ា បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ប្រសិនបើទទួលបានការអនុញ្ញាតឲ្យប្រកួត ប្រជែងបោះឆ្នោត ជាថ្មីនោះខ្ញុំអាចទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋអាមេរិក»។
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា ពលរដ្ឋអាមេរិក នៅតែអះអាងពីចក្ខុវិស័យរបស់លោកទៅនឹងការផ្លាស់ប្ដូរទៅកាន់ភាពរីកចម្រើន និងបានបញ្ជាក់ថា លោកអាចនឹងឈ្នះការបោះឆ្នោតឆ្នាំ២០១៦នេះ ប្រសិនបើរូបលោកមានសិទ្ធិឈរឈ្មោះបោះឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មានស៊ីអិនអិន។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា “ខ្ញុំមានទំនុកចិត្តនៅក្នុងទស្សនវិស័យនេះ ដោយសារតែខ្ញុំ មានទំនុកចិត្តថា ខ្ញុំអាចឈរឈ្មោះបោះឆ្នោតម្ដងទៀត»។ ប៉ុន្ដែអ្វីដែលលោកបាន លើកឡើងនោះ មិនអាចកើតឡើងបាន នោះទេ ដោយសារតែច្បាប់នៅសហរដ្ឋ អាមេរិក មិនតម្រូវឲ្យប្រធានាធិបតី អាមេរិកមួយរូបកាន់តំណែងបាន ២ អាណត្តិឈរឈ្មោះបោះឆ្នោតជាលើកទី២ នោះឡើយ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បានលើក ឡើងទៀតថា “ខ្ញុំដឹងថា នៅក្នុងការអភិរក្សដែលខ្ញុំធ្លាប់នៅជាមួយពលរដ្ឋអាមេរិក ទូទាំងប្រទេស បើទោះជាមានមនុស្សមួយចំនួនមិនយល់ស្របជាមួយខ្ញុំ ពួកគេនឹង និយាយថា ទស្សនវិស័យ ដែលជាទិសដៅអ្នកឆ្ពោះទៅរកចំណុចត្រឹមត្រូវមួយ” ។
លោក អូបាម៉ា នឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី២០ ខែមករា។ ក្រោយ ពេលចាកចេញពីសេតវិមានលោក អូបាម៉ា នឹងចំណាយពេលសម្រាកលម្ហែកាយជា មួយគ្រួរសារ។ លោកបានសន្យាថានឹង រក្សាភាពស្ងៀមស្ងាត់មួយរយៈពេលមុន ពេលផ្សព្វផ្សាយសៀវភៅដំបូងដែលលោក សរសេរ៕
ប្រែសម្រួល៖ ម៉ែវ សាធី