ភ្នំពេញ៖ ក្រោយបង្កើតឲ្យមានភាពភ្ញាក់ផ្អើលរឿងអាដៃសម្រក់ឈាមប៉ងធ្វើអត្តឃាត លោក សួង សុវណ្ណារ៉ា គ្រោងវិលមកកាន់ការងារទូរទស្សន៍ជាថ្មីក្រោយមានការលើកទឹកចិត្តពីអ្នកគាំទ្រ និងអ្នកសិល្បៈ។
កាលពីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០០១៦នេះ ហើយបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពិសេសក្នុងចង្កោមអ្នកសិល្បៈគ្រាដែលលោកបានបង្ហោះរូបថតមានឈាមជោកជាំពេញបន្ទប់ដេកជាច្រើនសន្លឹកជាមួយនឹងពាក្យពេចន៍អស់សង្ឃឹមក្នុងជីវិត។ មិនទាន់ជាមុខរបួសចាស់ផងលោកបានបង្ហាញវីដេអូអាដៃសម្រក់ឈាមជាថ្មី ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកបានរួចផុតពីសេចកក្តីស្លាប់។ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកកាន់តែអស់សង្ឃឹមនិងប៉ងផ្តាច់ជីវិតខ្លួនឯងលើកទីពីរគឺក្រោយពេលដែលបងស្រីធម៌របស់លោកដែលលោកចាត់ទុកជាមនុស្សសំខាន់ ក្នុងជីវិតបោះអ៊ីវ៉ាន់លោកចេញពីខុនដូទាំងលោកមិនបានដឹង។
ផលិតករវ័យ២៥ឆ្នាំរូបនេះលើកឡើងថា សុខភាពរបស់លោកនៅពេលនេះគឺនៅតែខ្សោយនោះក៏ព្រោះតែខ្សោះឈាម និងការលេបសារជាតិពុលសម្លាប់ខ្លួនលើសកម្រិត។ ប៉ុន្តែលោកអាចនិយាយបាន និងមានកម្លាំងជាងមុន ដោយលោកទម្លាយហេតុផល នៃការសម្លាប់ខ្លួនជាលើកទី២ គឺបណ្ដាលមកពីបងស្រីធម៌ ដែលលោកចាត់ទុកជាមនុស្សសំខាន់ ក្នុងជីវិតបោះអ៊ីវ៉ាន់លោកចេញពីខុនដូទាំងលោកមិនបានដឹង។ ទោះជាយ៉ាង លោកថានឹងបញ្ចប់បំណងចង់ផ្តាច់ជីវិតខ្លួនឯងទៀតហើយ ព្រោះតែមានអ្នករួមអាជីព និងអ្នកសិល្បៈជាច្រើន ឡើងបានទៅផ្ដល់កម្លាំងចិត្តដល់មន្ទីរពេទ្យកាល់ម៉ែត ហើយដាច់ខាតលោកត្រូវតែមានជីវិតហើយត្រឡប់មកផលិតកម្មវិធីទូរទស្សន៍ជាថ្មីម្តងទៀត។ លោកថា ពិតជាមានអារម្មណ៍សប្បាយចិត្តនិងកក់ក្តៅជាងមុនបន្តិច បន្ទាប់ពីតារាសិល្បៈជាច្រើនមកលើកទឹកចិត្តឲ្យលោកដល់ពេទ្យ។
លោកសួង សុវណ្ណារ៉ា បញ្ជាក់ថា ក្រោយការពន្យល់ និងលើកទឹកចិត្តពីតារាសិល្បៈ លោកឈប់ចង់ស្លាប់ទៀតហើយ ហើយរិតតែបន្តជីវិតក្នុងភាពតស៊ូមួយ ហើយលោកប្រកាសថា នឹងត្រលប់ទៅដឹកនាំកម្មវិធី ដែលលោកបង្កើតឡើងវិញ ដោយមិនចុះចាញ់និងការបំបាក់ទឹកចិត្តពីអ្នកដទៃនោះទេ។
គួរបញ្ជាក់ថា លោកសួង សុវណ្ណារ៉ា គឺជាអ្នកដឹកនាំកម្មវិធី«នេះមិនមែនជាសុបិន្ត» របស់ទូរទស្សន៍បាយ័ន បន្ទាប់មកលោកបានផលិតកម្មវិធីទាក់ទងនឹងសម្រស់ដែលជាកម្មវិធីទិញម៉ោងនៅទូរទស្សន៍បាយ័នCTV8HD និងនៅCTN ជាដើម។
ផលិតករវ័យក្មេង ដែលច្បាស់លាស់រឿងពេលវេលា និងមានស្នាដៃរាប់មិនអស់ ក្នុងការលើកស្ទួយសិល្បករសិល្បការិនី ឲ្យក្លាយជាតារាល្បី។ លោកក៏ជាអ្នកនាំចូលផលិតផលកែសម្រស់មួយប្រភេទយីហោ Tiara ដ៏ល្បីឈ្មោះមួយផងដែរ។ លោកក៏ត្រូវគេឃើញលេចធ្លោផងដែរ ក្នុងសប្បុធម៌ ដោយក្រៅពីចេញមុខបរិច្ចាគថវិកាផ្ទាល់ខ្លួន លោកក៏ដឹកនាំតារាសិល្បៈល្បីៗឲ្យធ្វើសកម្មភាពចែករំលែកក្ដីស្រឡាញ់ដល់ក្មេងកំព្រា និងជនទុរគត ទើបជារឿងសោកស្ដាយប្រសិនបើផលិតកររូបនេះ បាត់បង់ជីវិតព្រោះតែរឿងគិតខ្លីនោះ៕
ដោយ៖ វឌ្ឍនា