ភ្នំពេញ៖ រដ្ឋសភានៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្តាប់ការបំភ្លឺ របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសហការី តបតាមសំណើររបស់សមាជិករដ្ឋសភា។
នេះជាលើកទី២ហើយ សម្រាប់ឆ្នាំ២០១៦នេះ ដែលថ្នាក់ដឹកនាំក្រសួងនៃរាជរដ្ឋាភិបាល បានអញ្ជើញមកឆ្លើយចំពោះអង្គរដ្ឋសភា ជុំវិញការងារ ភារកិច្ចរបស់ខ្លួន។ កាលពីថ្ងៃទី៩ ខែមិថុនាឆ្នាំ២០១៦ កន្លងទៅ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី ក៏បានអញ្ជើញមកឆ្លើយបំភ្លឺចំពោះ អង្គរដ្ឋសភាដែរ ជុំវិញការងារមួយចំនួន របស់ក្រសួង។
ក្រៅពីនេះនៅក្នុងឆ្នាំ២០១៦ ក៏ដូចជាក្នុងនីតិកាលនីតិកាលទី៥ នៃរដ្ឋសភានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កេតឃើញថា រដ្ឋមន្រ្តីក្រសួងមួយចំនួន ដូចជាក្រសួងអប់រំ យុវជននិងកីឡា ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាដើម សុទ្ធតែបានអញ្ជើញមកឆ្លើយបំភ្លឺ ការងាររបស់សាមីក្រសួង ស្ថាប័នខ្លួន ដល់គណៈកម្មការជំនាញនានា របស់រដ្ឋសភា ដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងមាតុភូមិរបស់យើង៕