ប្រទេសថៃ ៖ យ៉ាងហោចណាស់ មានពលករខ្មែរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ២នាក់ដែរ ក្នុងចំណោមពលករខ្មែរដែលរងរបួសប្រមាណជិត៤០នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តចាកចេញពីចំការ បេះផ្លែមៀន ឆ្ពោះទៅកន្លែងស្នាក់នៅ ហើយបាជួបប្រទះនឹងករណីគ្រោះថ្នាក់ចរាចរណ៍តែម្តង ។
យោងតាមរបាយការណ៍ដែលផ្តល់មកពីប្រទេសថៃបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៩ និង៣៥ នាទីយប់ ថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០១៦ ត្រង់ចំណុចភូមិ ណឺនថង ឃុំតាមូល ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃ រវាងរថយន្តប្រភេទដឹកទំនិញកង់១០ ជាមួយនឹងរថយន្តនីសាន់ ដែលដឹកកម្មករខ្មែរចេញពី ចំការបេះផ្លែមៀន ឆ្ពោះទៅកាន់ទីតាំងស្នាក់នៅ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមតម្រួតចរាចរណ៍របស់ថៃ បានចេញប្រតិបត្តិការដើម្បីត្រួតពិនិត្យត្រង់ចំណុចទីតាំងកើតហេតុ គឺបានសង្គេតឃើញថា មានកម្មករម្នាក់ត្រូវបានកៀបជាប់នៅក្នុងរថយន្ត និងមានពីរនាក់ទៀតបានស្លាប់នៅនឹងកន្លែងកើតហេតុ
ព្រមទាំងមានអ្នករងរបួសធ្ងន់ ស្រាល នៅរាយប៉ាយពេញផ្លូវសរុបចំនួន ៣៨ នាក់បន្ថែមទៀត ។ ភ្លាមៗនោះដែរ ក៏មានរថយន្តសាមុយរបស់មន្ទីរពេទ្យនានា បានចេញមកជួយដឹកជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ សយដាវ មន្ទីរពេទ្យ ពោងណាំរ៉ន និងមន្ទីរពេទ្យប្រាក់ប៉ុកខ្លៅ ដើម្បីធ្វើការសង្គ្រោះបឋមសិន ចំណែកអត្តសញ្ញាណពលករទាំងនោះ .
ភ្នាក់ងារព័តិមាន នគរដ្រេហ្គន មិនទាន់ទទួលបាននៅឡើយទេ ហើយក៏មិនទាន់ដឹងថាតើអ្នករបួសទាំងនោះអាចមានអ្នកស្លាប់បន្ថែមទៀតដែរ ឬយ៉ាងណានោះឡើយ ៕ ដ្រេហ្គន












