បើឯងស្រលាញ់គ្នាយើងងាប់ទាំងអស់គ្នា រួចដកគន្លឹះគ្រាប់បែកផ្ទុះខ្ទេចសាកសព

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បន្ទាប់ពីបានផឹកស្រាស្រវឹងហើយ សង្ស័យកើតរោគអផ្សុកបានយកគ្រាប់បែកមកប្រឡែងលេងជាមួយមិត្តភក្តិម្នាក់ដែលជាដៃគូផឹករបស់ខ្លួន ហើយក៏ដកគន្លឹះនិងបណ្តាលឲ្យផ្ទុះស្លាប់បាត់បង់ជីវិតទាំង២នាក់ខ្ទេចសាកសពមើលលែងយល់។

ហេតុការណ៍ផ្ទុះគ្រាប់បែកនេះកើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះ ឈ្មោះសូ ណាក់ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមលោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា នៅពេលវេលាខាងលើឈ្មោះសំ សារ៉ាត ហៅជា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានជិះម៉ូតូមករកទូរស័ព្ទនៅផ្ទះឈ្មោះខុញ ខា មិនឃើញក៏ជិះទៅវិញ។ លុះក្រោយមកឈ្មោះសំ សារ៉ាត បានមកម្តងទៀតដោយយកគ្រាប់បែកមកជាប់និងខ្លួន ហើយមកក្រោមផ្ទះ ឈ្មោះ ខុញ ខា ភេទប្រុស អាយុ៤៣ឆ្នាំ ដែលកំពុងនៅក្រោមផ្ទះដែរនោះ រួចនិយាយថា «បើឯងស្រលាញ់គ្នាយើងងាប់ទាំងអស់គ្នា» ថាហើយឈ្មោះ សំ សារ៉ាត ហៅជា ក៏បានដកគន្លឹះគ្រាប់បែករួចក៏រុញចូលទ្រូងឈ្មោះខុញ ខា ហើយត្រូវបានប្រពន្ធឈ្មោះខុញ ខា ឈ្មោះសូ ណាក់ អាយុ៤១ឆ្នាំ ឃើញហេតុការណ៍នោះបានរត់ចេញពីផ្ទះក៏បណ្តាលឲ្យផ្ទុះស្លាប់ទាំង២នាក់នៅនិងកន្លែងកើតហេតុតែម្តង។

លោកអធិការបានបញ្ជាក់ទៀតថា មូលហេតុគឺបណ្តាលមកពីផឹកស្រាស្រវឹងឈ្មោះ សំ សារ៉ាត់ យកគ្រាប់បែកទៅប្រឡែងលេងជាមួយ ឈ្មោះ ខុញ ខា ចំណែកឈ្មោះ សំ សារ៉ាត់ ជាអតីតនគរបាលA3នៅក្នុងឆ្នាំ១៩៩២ ហើយបានបន្សល់ទុកគ្រាប់បែកនេះ។

ករណីនេះក្រោយពីសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមូលហេតុនិងដាក់ការសន្និដ្ឋានដូចខាងលើ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារនៃសពទាំងពីរយកធ្វើបុណ្យតាមប្រពៃណី៕

tp-9 tp-1 tp-3 tp-8 tp-7 tp-6 tp-5 tp-4

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print