ក្លិបតោខៀវ Chelsea បានត្រៀមប្រាក់ប្រមាណ៣៨លានផោនសម្រាប់នាំយក កីឡាករខ្សែបម្រើកណ្តាលរបស់ក្លិប Bayern Munich កីឡាករArturo Vidal សម្រាប់រដូវ កាលដោះដូរកីឡាករខាងមុខ។ ការប្រកាស ទិញកីឡាកររូបនេះគឺក្រោយពេលក្លិបតោខៀវបានលក់កីឡាករ Oscar ទៅក្លិបនៅ លីកកំពូលរបស់ចិន ហើយនេះក៏ជាការ ជំនួសកន្លែងរបស់កីឡាករOscarផងដែរ។
ប្រភពព័ត៌មានរបស់គេហទំព័រ The Mirror បានផ្សាយថា ក្លិបតោខៀវនឹងបង្វែរគោលដៅទៅលើកីឡាករខ្សែបម្រើកណ្តាល សញ្ជាតិឈីលីរូបនេះក្រោយពីខ្លួនចាប់ផ្តើម មានការធុញទ្រាន់ក្នុងការរង់ចាំមើលលទ្ធផលរបស់កីឡាករ Radja Nainggolan របស់ក្លិប Roma នៅអ៊ីតាលីដែលបានទាក់ទងជាយូរណាស់មកហើយនោះ ប៉ុន្តែមិនទាន់បានទទួលលទ្ធផលល្អនៅឡើយទេ។
គួរបញ្ជាក់ថា ក្លិបតោខៀវ Chelsea កំពុង តែមានទម្រង់លេងល្អដោយឈរនៅកំពូល តារាងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដោយ ១៣ប្រកួតចុងក្រោយក្រុមនេះបានឈ្នះ ទាំង១៣ប្រកួតជាកំណត់ត្រារបស់ក្លិបនិងជាក្តីសង្ឃឹមរបស់គ្រូបង្វឹកថ្មីដែលថានឹង លើកពានសម្រាប់រដូវកាលនេះ ៕
ដោយ៖ ដេវីត