ភ្នំពេញ ៖ ស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានអនុរក្សពន្ធនាគារ បញ្ជូនមកតុលាការ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ដើម្បីបន្តការសាកសួរករណីជាឈ្មួញកណ្ដាល ជួលឲ្យស្ត្រីខ្មែរពពោះកូនជំនួស ។
សំណុំរឿងនេះ ស្ថិតក្រោមចំណាត់ការរបស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ស្ត្រីរូបនេះ ត្រូវបានចោទប្រកាន់ជនសង្ស័យទាំងបីនាក់ពីបទ ” អន្តរការរវាងអ្នកសុំនិងស្ត្រីពរពោះ និង បទ ការសុំឲ្យផ្តល់ឯកសារដោយទុច្ចរិត តាមមាត្រា៣៣២ និង មាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ ។
របាយការណ៍សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បង្ហាញថា ជនសង្ស័យទាំងបីនាក់ ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE-0402481 ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួល គោក និង ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មប ស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា ។
ក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយ អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ និងខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា នេះ ។
សមត្ថកិច្ច បញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពរពោះដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះបានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់អោយដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពរពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ៥ម៉ឺនដុល្លារអាមេរិក ៕ ដោយ ៖ ចេស្តា