ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ បើកសវនាការសំណុំរឿងបុរសជនជាតិម៉ុងហ្គោលពីរនាក់ ពាក់ព័ន្ធបទល្មើស ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយប្រើលិខិតឆ្លងដែនក្លែងក្លាយ លួចបើកគណនីនៅតាមធនាគារធំៗ ក្នុងប្រទេសកម្ពុជា ។
ក្រោយការសួរដេញដោល លោកចៅក្រម អ៊ី ថាវរៈ បានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះវិញ ។
ជនជាប់ចោទ ឈ្មោះ EMMANUEL NGOMA NGOMA COCO អាយុ៤៦ឆ្នាំ និង ឈ្មោះ JUNIRO BIN MUNGOMBA អាយុ៣៦ឆ្នាំ។
ក្នុងសវនាការជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលិខិតឆ្លងដែនក្លែងក្លាយជាច្រើនក្បាល ដើម្បីបើកគណនីនៅធនាគារធំៗ ដូចជា៖ ធនាគារស្ថាបនា ធនាគារចិន ធនាគារABA ធនាគារអេស៊ី។ល។ គណនីធនាគារដែលពួកគេលួចបើកសម្រាប់ទទួលប្រាក់ដែលឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ផ្ញើមកពីបរទេស ហើយពួកគេរង់ចាំដកយកទៅឲ្យអ្នកដទៃ តាមការបញ្ជារបស់ឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ហើយក្នុងការដាក់និងដកម្ដងៗ ពួកគេទទួលបានលុយ៥ភាគរយតែប៉ុណ្ណោះ។
ដោយឡែក លោក ស្រី ម៉ាក់នី ជាតំណាងអយ្យការបាន សន្និដ្ឋានថា កាលពីអំឡុងឆ្នាំ២០១៥ដល់២០១៦ ពិតជាមានអំពើ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ពិតមែន ។ ដូច្នេះតំណាងអយ្យការ នៅតែតម្កល់បទចោទប្រកាន់នៅដដែល៕
ដោយ៖ ចេស្តា