ភ្នំពេញ៖ កីឡាករ វៀត ប៊ុនធឿន មកពីក្លិបសមាគមកីឡាក្រសួងការពារជាតិ និង កីឡាករ បឺត សង្ឃឹម មកពីក្លិប រ៉ាហាប់ស្វាយប៉ាក់ឈ្នះកៅអីវគ្គ១៦នាក់ដូចគ្នាក្រោយវាយឈ្នះដៃគូប្រកួតកាលពីល្ងាចថ្ងៃសៅរ៍ ទី ៣១ ខែធ្នូ ឆ្នាំ២០១៦ នៅសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥អារីណា ។
ជ័យជម្នះរបស់វៀត ប៊ុនធឿន ដែលបានឡើងទៅវគ្គ១៦នាក់ជុំទី២ដោយសារវាយឈ្នះកីឡាករ ម៉ន លីហួរ មកពីក្លិបការិយា ល័យទី៥កងទ័ពជើងគោកដោយពិន្ទុ។ កាត ប្រកួតរយៈពេល៣ទឹករវាងកីឡាករទាំង២នាក់ខាងលើទទួលបានការគាំទ្រខ្លាំង ព្រោះសកម្មភាពរបស់ធ្វើឲ្យទស្សនិកជន រំជួលចិត្តមែនទាន ។ អ្វីដែលពិសេសនោះគឺផ្តើមចេញពីកីឡាករ ម៉ន លីហួរ លោត វាយប៊ុនធឿននៅក្នុងទឹកទី២ បណ្តាលឲ្យប៊ុនធឿនផ្ទុះកំហឹងតាមវាយរហូតទទួល បានជ័យជម្នះ។
ដោយឡែកជំនួបរវាងកីឡាអ្នកប្រដាល់ជើងចាស់ ឆាយ មាស មកពីក្លិប សំរោងកោងខេត្តបាត់ដំបងត្រូវចាញ់ក្រោមថ្វីដៃអ្នកប្រដាល់វ័យក្មេងបឺតសង្ឃឹមដោយពិន្ទុក្នុង ចំណោម៣ទឹក។ កីឡាករ ឆាយ មាស ត្រូវទស្សនិកមើលឃើញថាចាញ់ប្រៀបកម្លាំង និងកាយសម្បទាបឺតសង្ឃឹមតាំងពីទឹកទី១ម្លេ៉ះ។ ដូច្នេះក្តីសង្ឃឹមកាន់តែមានឱកាសតាមវាយសន្ធប់ បើទោះបីឆាយ មាស ខំបម្រះ វាយតបសងបឺតសង្ឃឹមវិញយ៉ាងណាក៏មិនអាចដណ្តើមបានកៅអីវគ្គ១៦នាក់ឡើងទៅដំណាក់កាលទី២ដែរ។
គួររំលឹកថា កម្មវិធីប្រកួតកីឡាប្រដាល់ ដណ្ដើមជើងឯកពានរង្វាន់TV5 Knock Out Series ទម្ងន់៦០គីឡូក្រាមនេះមានអ្នកប្រដាល់ចំនួន៣២នាក់ចែកចេញជា៤ ដំណាក់កាល។ ដោយឡែកម្ចាស់ជើងឯក ពានរង្វាន់ខាងលើទទួលបានថវិកាចំនួន៤ពានដុល្លារអមជាមួយពានរង្វាន់១ទៀតផង ៕
ប្រែសម្រួល៖ សារីម