កម្មវិធីព្រះគុណគ្រូល្ខោនខោលជូនព្រឹទ្ធាចារ្យ យិត សារិន នឹងត្រូវធ្វើនៅថ្ងៃ៥ ខែមករា

ចែករំលែក៖

ភ្នំពេញ៖ ពិធីសំពះគ្រូ និងបុណ្យចម្រើនព្រះជន្មសម្រាប់ព្រឹទ្ធាចារ្យ យិត សារិន នឹងត្រូវធ្វើឡើងចាប់ពីព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០១៧នេះនៅក្នុងបរិវេណសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។ ពិធីនេះត្រូវបានធ្វើឡើងដើម្បីជាការរំលឹកនឹកដល់គុណូបការៈរបស់ព្រឹទ្ធាចារ្យល្ខោនខោលរបស់ខ្មែររូបនេះនឹងបន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺធ្ងន់។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ក្នុងកម្មវិធីសន្និសីទសារព័ត៌មានប្រកាសបើកម្មវិធី” ព្រះគុណគ្រូល្ខោនខោលមរតកមនុស្សរស់” ក្នុងបរិវេណសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។

លោក កែវ សាស្ត្រាដែលជាអ្នកផ្តួចផ្តើមរៀបចំពិធីខាងលើនេះឡើងបានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើងព្រោះតែចង់ដាស់សតិកូនខ្មែរឲ្យបានឃើញពីការលះបង់របស់បុព្វបុរសខ្មែរបូករួមទាំងស្នាដៃរបស់លោកព្រឹទ្ធាចារ្យ យិតសារិន ហៅលោកគ្រូស។ លោកពិតជាចង់គាស់រំលើងការចាប់អារម្មណ៍របស់ទស្សនិកជនមកដល់បុព្វបុរសខ្មែរ វីរៈសិល្បករខ្មែរ។ លោកក៏ស្នើឲ្យបណ្តាសិល្បករល្បីៗនៅកម្ពុជាមេត្តាចូលរួមដោយក្តីអនុគ្រោះ បើទោះបីជាមិនមានសំបុត្រអញ្ជើញក្តី។ លោកថាកម្មវិធីនេះពិតជាមានការរៀបចំយ៉ាងឆាប់បំផុតដែលអាចធ្វើទៅបានខណៈដែលសុខភាពរបស់លោកព្រឹទ្ធាចារ្យយិត សារិន កាន់តែទ្រុឌទ្រោមខ្លាំង ហើយចង់ឲ្យលោកបានដឹងនិងបានឃើញពីការរំលឹកគុណរបស់លោកមុនពេលលោកធ្វើមរណកាលទៅ។ លោកក៏ស្នើឲ្យទស្សនិកជនគ្រប់មជ្ឈដ្ឋានមេត្តាជួយគាំទ្រលើកទឹកចិត្តចំពោះសិល្បករសិល្បករិនីដែលបានលះបង់ពេលវេលាពេញមួយជីវិតដើម្បីបម្រើការកម្សាន្តសប្បាយរបស់មហាជន។

លោកទុំ សារ៉ុត ហៅនាយឃ្លោក ដែលបានចូលរួមក្នុងកម្មវិធីខាងលើបានលើកឡើងដែរថា គួរតែដល់ពេលដែលគួរតែដឹងគុណដល់អ្នកដែលមានព្រះជន្មដែលលះបង់មួយជីវិតដើម្បីវិស័យសិល្បៈ និងវប្បធម៌។ លោកបន្តថា ពាក្យថា”វប្បធម៌រលត់ជាតិរលាយ” ប៉ុន្តែពាក្យនេះបានតែថានិងសរសេរនៅលើក្រដាសដែលគេមិនទាន់បានឃើញច្បាស់ពីការពិតនៅឡើយ។

លោកបញ្ជាក់ថា”យើងត្រូវតែរក្សារបស់ដែលមានតម្លៃកៀកកិតជិតខ្លួនប្រសើរជាយំបោកខ្លួនក្រោយពេលដែលបាត់បង់” ព្រោះតែរបស់ដែលនៅជិតខ្លួនមិនសូវបានថែរក្សាទេ ប៉ុន្តែនឹងយំយែកបោកខ្លួននៅពេលដែលបាត់បង់វាទៅ ហើយប្រសិនបើយើងមិនរួមគ្នាធ្វើនូវទង្វើល្អៗនេះជាគំរូទេ វានឹងនាំឲ្យមានការសោកស្តាយនៅថ្ងៃក្រោយ។ អ្វីដែលកម្មវិធីខាងលើធ្វើគឺប្រៀបដូចពាក្យដែលគេនិយាយថាឲ្យគាត់ហូបទាន់នៅបំពង់កគាត់នៅឈរ ហើយកម្មវិធីនេះឆ្លុះបញ្ចាំងពីការស្រលាញ់គ្នា ការលើកទឹកចិត្ត និងការដឹងគុណចំពោះអ្នកមានគុណដូច្នោះដែរ។

លោកគ្រូ ផល សាវុធ អនុប្រធានការិយាល័យសិក្សាអប់រំនិងជាសាស្ត្រាចារ្យផ្នែកល្ខោនខោលបានបញ្ជាក់ថា កម្មវិធីនេះពិតជាមានតម្លៃមិនអាចកាត់ថ្ងៃបានដែលវាឆ្លុះបញ្ចាំងពីការដឹងគុណដល់លោកគ្រូអ្នកគ្រូដែលធ្លាប់បានបង្ហាត់បង្ហាញ និងរំលឹកពីគុណបំណាច់របស់លោកគ្រូដែលបានចំណាយពេលមួយជីវិតដើម្បីសិល្បៈជាតិ។

លោក អ៊ឹម ជីវ៉ា តំណាងសមាគមសិល្បករខ្មែរបានថ្លែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមបង្កើតកម្មវិធីនេះដែលឆ្លោះបញ្ចាំងពីការយកចិត្តទុកដាក់ និងចូលរួមគាំទ្រថែរក្សាអភិរក្សសិល្បៈខ្មែរ។ ជាមួយគ្នានេះលោកក៏សំណូមពរឲ្យសិល្បករសិល្បការិនី ពិសេសតារាដែលមានឈ្មោះបោះសំឡេងមេត្តាជួយគាំទ្រលើកទឹកចិត្តដល់កម្មវិធីនានាពិសេសជួយដល់សិល្បករចាស់ៗដែលបាត់បង់សមត្ថភាព។

កម្មវីធីខាងលើចាប់ផ្តើមចាប់ពីព្រឹកម៉ោង៨ថ្ងៃទី៥មករា គឺកម្មវិធីសំពះគ្រូដែលនឹងមានព្រះវត្តមានសម្តេចព្រះរាមនរោត្តម បុប្ផាទេវី។ នៅរសៀលម៉ោង១ថ្ងៃនេះដែរកម្មវិធីនឹងរៀបចំឲ្យមានពិធីបច្ច័យ៤ បន្ទាប់មកទទួលទានអាហារជួបជុំគ្នា។ លោកបន្តថានៅរសៀលថ្ងៃដដែលនេះក៏នឹងមានពិធីសម្តែងល្ខោនខោលជូនដល់ភ្ញៀវមកទស្សនាផងដែរ ដែលសម្តែងដោយសិស្សលោកគ្រូយិតសារិនផ្ទាល់។ កម្មវិធីខាងលើគ្រោងចំណាយថវិកាប្រមាណ១ម៉ឺនដុល្លារអាមេរិកខណៈដែលប្រាក់ជំនួយនៃកម្មវីធីខាងលើមានចំនួនតិចតួចនៅឡើយ។

គួរបញ្ជាក់ដែរថា លោកព្រឹទ្ធាចារ្យយិត សារិន ហៅលោកគ្រូស មានវ័យ៩១ឆ្នាំ។ លោកក៏មានជំងឺបេះដូង លើសឈាម ឡើងជាតិស្ករ ដែលត្រូវព្យាបាលប្រចាំ។ ក្នុងរយៈពេលមួយខែចុងក្រោយនេះស្ថានភាពជំងឺរបស់លោកព្រឹទ្ធាចារ្យហាក់ចុះខ្សោយខណៈជំងឺធ្វើទុកខ្លាំងរហូតដល់បញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ដោយស្ថានភាពមិនល្អប្រសើរលោកព្រឹទ្ធាចារ្យ ត្រូវបានបញ្ជូនវិលត្រឡប់មកសម្រាកព្យាបាលជំងឺនៅផ្ទះវិញ ៕

img_1309 img_1306 img_1304 img_1318 img_1320 img_1322 img_1329 img_1311 img_1342 img_1338 img_1298

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print