ខេត្ដសៀមរាប៖ អ្នកលក់និងចែកចាយកាសែតផ្ដាច់មុខក្នុងខេត្ដសៀមរាប ស្នើសុំអាជ្ញាធរ ឲ្យផ្ដល់ទីតាំងតូបលក់កាសែតក្នុងទីក្រុងទេសចរណ៍ ឲ្យបានសមរម្យ ជាពិសេសផ្ដល់ទីតាំងចាស់ដែលធ្លាប់លក់កន្លងមក ដើម្បីឲ្យវិស័យព័ត៌មានទទួលបានដល់ពលរដ្ឋ និងសាធារណៈជន និងសង្គម ។
ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធររុះរើតូបលក់កាសែតមួយកន្លែង ស្ថិតនៅជាប់របងមន្ទីរពេទ្យបង្អែកខេត្ដ ក្នុងភូមិមណ្ឌាល៣សង្កាត់ស្វាយដង្គុំ ក្បែផ្សារកណ្ដាលក្រុងសៀមរាប ដើម្បីធ្វើប្រព័ន្ធទឹក និងរៀបចំសណ្ដាប់ធ្នាប់។លោក ស្រី សំប៊ន ជាម្ចាស់តូបនិងជាអ្នកចែកចាយកាសែតផ្ដាច់មុខនៅខេត្ដសៀមរាបលោក បានឲ្យដឹងនៅថ្ងៃទី១៤ខែសីហានេះថា កាលពីថ្ងៃទី២៧ខែកក្កដាកន្លងមកថ្មីៗនេះ លោកបានរុះរើតូបលក់កាសែតរបស់លោក ដើម្បីឲ្យអាជ្ញាធររៀបចំប្រព័ន្ធលូទឹក ប៉ុន្ដែបន្ទាប់ពីអាជ្ញាធររៀបចំរួចរាល់ហើយ បែជាអភិបាលរងក្រុងសៀមរាប លោកស្រី កុយ វិសាល ហាមឃាត់មិនដាក់តូបលក់កន្លែងដដែលទៅវិញ ដោយលើកហេតុផលថា ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងថា ការមានតូបលក់កាសែតធ្វើឲ្យអ្នកសារព័ត៌មាន សរសេររឿងមិនល្អចំពោះអាជ្ញាធរ ។
លោកបានបន្ដថា អភិបាលរងក្រុងរូបនោះ បានឲ្យលោកដាក់លក់កាសែតនៅក្នុងផ្សារ ខណៈដែលលោកលក់ និងចែកចាយកាសែតនៅខេត្ដទេសចរណ៍នេះ ប្រមាណជិត១០ឆ្នាំមកហើយ។លោកបានបញ្ជាក់ថា ទីផ្សារកាសែត មិនមែនដាក់លក់ដូចសាច់ជ្រូក ឬសាច់ត្រី នៅក្នុងផ្សារ ដូចលោកស្រីកុយ វិសាល លើកឡើងនោះទេ គឺតម្រូវឲ្យមាននៅទីសាធារណៈ ទើបការទទួល និងផ្ដល់ព័ត៌មាន មានភាពទូលំទូលាយ ។
លោកស្រី សំប៊ន បានបន្ថែមថា លោកនឹងពិចារណាស្នើទៅរោងពុម្ពគ្រប់កាសែត ដើម្បីឲ្យផ្អាកនាំចូលកាសែតលក់នៅខេត្ដសៀមរាប មួយរយៈដើម្បីជុំរុញឲ្យអាជ្ញាធរផ្ដល់ទីតាំងលក់ឡើងវិញ។លោកបានស្នើឲ្យអាជ្ញាធរ ពិសេសលោកអភិបាលខេត្ដសៀមរាប ជួយផ្ដល់ទីតាំងលក់កាសែតនៅកន្លែងដើម ឬកន្លែងសមរម្យណាមួយដែលងាយស្រូល សាធរណៈជនឬពលរដ្ឋចូលទិញនិងអានកាសែត។
កាសែតនគរដ្រេហ្គនមិនទាន់អាចទាក់ទង លោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប ដើម្បីសាកសួរពីករណីនេះបាននៅឡើយទេ។ ទោះជាយ៉ាងណា លោក នូ ពុទ្ធិ អ្នកសម្របសម្រួលអង្គការ ការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្ដសៀមរាប បានមានប្រសាសន៍ថា វិស័យព័ត៌មាន ជារឿងដ៍សំខាន់ សម្រាប់ជួយដល់សាធារណៈជន និងជាអ្នកផ្ដល់សេវាល្អដល់សង្គមផងដែរ។លោកបានបន្ដថា អាជ្ញាធរគួររៀបចំឲ្យមានកន្លែងលក់ដូរឲ្យបានសមរម្យ ដើម្បីឲ្យពលរដ្ឋទទួលបានព័ត៌មានស្របតាមច្បាប់កំពូលរដ្ឋធម្មនុញ្ញ ។
លោក ស្រី សំប៊ន បើតាម អ្នកចែកចាយកាសែតក្នុងខេត្ដសៀមរាប បានបញ្ជាក់ថា លោកនាំចូលកាសែតចម្រុះក្នុងតំបន់ទេសចរណ៍សៀមរាប ក្នុងមួយថ្ងៃចំនួន៥០០ច្បាប់ ចំណែកទស្សនាវត្ដីជាច្រើនស្ថាប័ន ក្នុង១ខែប្រហែល១ពាន់ក្បាល ៕
ដោយ៖ ជានិរន្ដរ៍