ខេត្តកំពង់ឆ្នាំង៖ ពិតជាគួរឲ្យរន្ធត់និងខ្លោចផ្សារដ៏ពន់ពេក ខណៈឃើញសាមណេរមួយអង្គ ព្រះជន្មត្រឹមតែ១១ឆ្នាំ រងរបួសពេញខ្លួនយ៉ាងធ្ងន់ រងនូវការធ្វើទារុណកម្មដោយប្រើខ្សែភ្លើងបត់ជាពីរវាយយ៉ាងចាស់ដៃពីព្រះសង្ឃជាគ្រូឧបជ្ឈាយ៍មួយអង្គ ខណៈខឹងសាមណេរដ៏តូចនេះ យកសៀវភៅរបស់ព្រះអង្គទៅសរសេរ ហើយមិនទាន់នឹងបានសរសេរផង បែរជាក្រៀវក្រោធ វាយទាំងកម្រោល បែកឈាមពេញខ្លួនទៅវិញ ។
ករណីគ្រូឧបជ្ឈាយ៍ធ្វើទារុណកម្មទៅលើសាមណេរព្រះជន្ម១១ឆ្នាំនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់ពុទ្ធបរិស័ទចំណុះជើងវត្តកាលពីវេលារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងវត្តធម្មវ័ន ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សាក្សីពីប្រជាពលរដ្ឋនៅទីនោះបានឲ្យដឹងថា កូននេនរងគ្រោះដែលមានស្នាមរបួសពេញរាងកាយព្រះនាម វណ្ណ វរះ ព្រះជន្ម១១ឆ្នាំ ។ បន្ទាប់ពីគ្រូឧបជ្ឈាយ៍ធ្វើទារុណកម្មមិនត្រូវបានគេជួយធ្វើអន្តរាគមន៍យកទៅសង្គ្រោះនៅមន្ទីរពេទ្យនោះទេ គឺឪពុករបស់សាមណេរបានឃើញហេតុការណ៍នេះ ពោរពេញទៅដោយភាពរន្ធត់ក្នុងចិត្ត រួចហើយក៏ដឹកកូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកព្រះសង្ឃដែលប្រើហិង្សាលើសាមណេរមានព្រះនាម ឌិត ប៉ែន ជាគ្រូឧបជ្ឈាយ៍(គ្រូបង្រៀនក្នុងវត្តធម្មវ័ន) ។
មកទល់នឹងពេលនេះ គេពុំទាន់ដឹងថា សមត្ថកិច្ចនឹងចាត់វិធានការបែបណានៅឡើយទេ ទៅលើព្រះសង្ឃបង្កហេតុ ប៉ុន្តែស្ថិតនៅមន្ទីរពេទ្យ សាមណេរព្រះជន្ម១១ឆ្នាំ កំពុងត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ ក្នុងនោះអ្នកជំងឺ ព្រមទាំងប្រជាពលរដ្ឋបានសម្តែងការអាណិតអាសូរចំពោះការរងរបួសដ៏ធ្ងន់ ក្រោមកណ្តាប់ដៃព្រះសង្ឃដែលគ្មានធម៌មេត្តា ស្គាល់អំពីបុណ្យបាប ច្បាប់ទម្លាប់ ក្នុងនាមជាព្រះសង្ឃនោះ ៕
ដោយ៖ ចន្ថា