ខេត្តស្វាយរៀង៖ អ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងមានការសប្បាយចិត្តរីករាយយ៉ាងខ្លាំងខណៈផ្លូវបំបែកជាបួនដែលតែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នោះត្រូវបានដាក់ដំណើរការភ្លើងស្តុបចរាចរណ៍ងាយស្រួលក្នុងការធ្វើដំណើរ។
បើតាមលោកអ៊ំ ឌី អាយុ៥៥ឆ្នាំ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួននៅចំណតបេនរថយន្តផ្សាវាលយន្តបានឲ្យដឹងថា នេះជាលើកដំបូងហើយក្នុងខេត្តស្វាយរៀងមានការដាក់បំពាក់ភ្លើងស្តុបក្នុងទីប្រជុំជនងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថហេតុ ភាគច្រើនគឺយុវជនបើកបរក្នុងល្បឿនលឿនមិនអធ្យាស្រ័យគ្នា។
តាមមន្ត្រីនគបាលចរាចរនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងក៏បានឲ្យដឹងថា ក្រោមការទទួលបទបញ្ជាពីស្នងការក៏ដូចជាលោកអធិការបានឲ្យដាក់កម្លាំងឈរធ្វើចរាចរណ៍ដើម្បីផ្សព្វផ្សាយ ភ្លើងស្តុបចរាចរណ៍ និងជួយសម្រួលការធ្វើចរាចរណ៍តាមភ្លើងសញ្ញា នៃភ្លើងស្តុបផងដែរ។ ប្រភពបន្តថា ក្នុងនោះក៏មានការចូលរួមពីក្រុមយុវជនកាយរិទ្ធនៃវិទ្យាល័យស្វាយរៀង ហើយខណៈកំពុងផ្សព្វផ្សាយ សញ្ញាភ្លើងស្តុបនោះដែរ ឃើញថា ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការគោរពច្បាប់ចរាចរណ៍យើងសង្កេតឃើញថា សិស្សានុសិស្សប្រមាណ៨៥ភាគរយគឺមិនពាក់មួកសុវត្ថិភាព និងពុំទាន់ដឹងពីកន្លែងដាក់ភ្លើងស្តុបចរាចរណ៍។ ដូច្នេះនគបាលចរាចរក្រុងស្វាយរៀងទាំងអស់ សូមប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្សានុសិស្សទាំអស់សូមជ្រាបថា នៅតាមផ្លូវបំបែកជាបួនក្នុងក្រុងស្វាយរៀងចាប់ដាក់ដំណើការភ្លើងស្តុបចរាចរណ៍ ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះតទៅ សូមចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពគ្មានគ្រោះថ្នាក់ចរាចរណ៍៕
...
ដោយ៖ យឹម សុថាន