ខេត្តរតនគិរី៖ នៅវេលាម៉ោង៧និង៥៩នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូក្នុងទិសដៅបញ្ច្រសគ្នានៅត្រង់ចំណុចចំកាលោកង៉ែតលើផ្លូវជាតិ៧៨ ស្ថិតនៅភូមិផ្អរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់។
នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រចំ យួន ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិច្រាយ មានទីលំនៅបច្ចុប្បន្នភូមិជ្រុង ឃុំកក់ ស្រុកបកែវខេត្តរតនគិរី ជិះម៉ូតូកែច្នៃ អត់ស្លាកលេខម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត។
ប្រភពបានបន្តទៀតថា លុះជិះមកដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅអត់ស្លាកលេខ បើកបរដោយឈ្មោះ នូ សុទ្ធ ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរ (រងរបួសធ្ងន់សន្លប់) ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន និងយប់ងងឹតផងនោះរេចង្កូតបុកពេញទំហឹងតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូទាំង២គ្រឿងនគរបាលយកមករក្សាទុកដើម្បីដោះស្រាយគ្នាជាក្រោយ ៕
...
ដោយ៖ វុទ្ធឦសាន