ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្រ្កាបទីតាំង លេងល្បែងស៊ីសងលួចលាក់មួយកន្លែងស្ថិតនៅចំណុចក្រោយផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាប់យកបានមាន់ជល់៣ក្បាល (ងាប់១ក្បាល) ស៊ុំក្រុងមាន់៤ កន្ត្រកដាក់មាន់២ ជញ្ជីងថ្លឹង១ ស្កុតរុំ១២ ចានថាស និងផ្តិលគ្របអាប៉ោងមួយសម្រាប់ រីឯអ្នកលេងល្បែងបាននាំគ្នារត់ចូលព្រៃអស់បន្សល់ទុកម៉ូតូ២គ្រឿង ។
លោកអនុសេនីយ៍ទោ អ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់លើពិសេសបទបញ្ជា របស់ឯកឧត្តមស្នងការនគរបាលខេត្តព្រះសីហនុ និងលោកអធិការនគរបាលស្រុក នគរបាលនៅតាមមូលដ្ឋានឃុំសង្កាត់ ត្រូវ ចាត់វិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យជាប់ជាប្រចាំ ពិសេសបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព ៕
ដោយ៖ ឆ្លាម សមុទ្រ