ភ្នំពេញ៖ ក្រោយពីបើកប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដាក់ផែនការបង្ការនិងទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ល្បែងសុីសងគ្រប់ប្រភេទរួមនិងគ្រឿងញៀន មកដោយមានលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួចមកលោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ចុះប្រតិបត្តិការតំបន់ស្មុកស្មាញ នៅចំណុចមុខកាប៊ីនភ្លើង ភូមិ២ ផ្លូវរថភ្លើង សង្កាត់ស្រះខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ជាក់ស្តែងដកហូតគ្រឿងញៀនបានចំនួន១៧៤កញ្ចប់ រួមទាំងម៉ូតូZoomer-X ១គ្រឿង ពីជនសង្ស័យម្នាក់ដែលយកមកជួញដូរបានជួបនិងកម្លាំងសមត្ថកិច្ចក៏រត់យកតែរួចខ្លួនចោលម៉ូតូនិងគ្រឿងញៀនបាត់ស្រមោលតែម្តង ។
លោកអនុសេនីយ៍ឯក កាន់ វណ្ណះ នាយប៉ុស្តិ៍នគរបាលស្រះចកបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌហើយនៅមុនពេលរឹបអូសបានវត្ថុតាងគ្រឿងញៀននេះគឺលោកបានដឹកនាំកម្លាំងប៉ុស្តិ៍ចុះល្បាតក្នុងមូលដ្ឋានផ្អែកតាមយុទ្ធនាការបង្ការនិងបង្រ្កាបគ្រឿងញៀនរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល០៦ខែនេះឃើញថា នគរបាលប៉ុស្តិ៍ស្រះចកបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបានចំនួន២ករណី ដែលករណីទី១នៅថ្ងៃទី៤ខែមករាឆ្នាំ២០១៧វេលាម៉ោងង២២និង៣៩នាទី កម្លាំងគណៈបញ្ជាការសង្កាត់ស្រះចកបានធ្វើការឃាត់ខ្លូនជនសង្ស័យ២នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យមានឈ្មោះចាន់ សាវឿន ហៅវី ជូញដូរ ទី២ឈ្មោះវី កែវ រតនៈ ហៅកែវ អ្នកប្រើប្រាស់ និងវត្ថុតាងដកហូតថ្នាំញៀន១កញ្ចប់តូចនិងលុយចំនួន៤ម៉ឺនរៀល។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ចំណែក១ករណីទៀតនេះគឺកម្លាំងបានរឹបអូសថ្នាំញៀនថ្នាំញៀនចំនួន១៧៤កញ្ចប់តូច និងម៉ូតូ១គ្រឿងម៉ាកZoomer-X ពណ៌ក្រហម ពាក់ស្លាក់លេខ1GE-8523 ពីជនសង្ស័យម្នាក់នៅចំណុចមុខកាប៊ីនភ្លើងភូមិ២ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ចក៏ប្រញាប់ឈប់ម៉ូតូហើយរត់គេចបាត់បន្សល់គ្រឿងញៀននិងម៉ូតូនៅកន្លែងកើតហេតុក៏យកមកប៉ុស្តិ៍បញ្ជូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការស្រាវជ្រាវបន្តទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕
...
ដោយ៖ ស តារា