ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី៥ខែមករានេះ តារាកំប្លែងភេទទីបីកញ្ញា យេ យេ បានរៀបចំពិធីខួបកំណើតគម្រប់វ័យ២៤ឆ្នាំយ៉ាងធំដុំមួយក្រោមវត្តមានភ្ញៀវជាអ្នកសិល្បៈនិងមិនជិតដិតប្រមានជិត៤០០នាក់នៅភោជនីយដ្ឋានវីហ្រ្វេនបឹងត្របែក។ ទោះមានភ្ញៀវច្រើនចូលរួមឲ្យពរជ័យក៏តារាមាឌធំរូបនេះបានលួចសម្រក់ទឹកភ្នែកព្រោះតែខួបកំណើតឆ្នាំនេះមិនមានវត្តមានម្តាយនៅជិត។
ចូលប្រឡូកក្នុងអាជីពសិល្បៈចាប់តាំងពីឆ្នាំ២០០៤កញ្ញា យេ យេ ដែលមានឈ្មោះពិតថា ឃ្លោក មករា បានធ្វើឲ្យទស្សនិកជនជាច្រើនបន្តបន្ទាប់ចាប់អារម្មណ៍ព្រោះតែសមត្ថភាពសម្តែងកំប្លែង ដែលធ្វើឲ្យទស្សនិកជនសើចសប្បាយជានិច្ច។ នាងកំពុងតែមមាញឹកច្រើនជាមួយនឹងការងារសម្តែងតាមឆាកតន្ត្រី និងការងារជាពិធីករជាដើម។ នាងគឺជាតារាសម្តែងកំប្លែងប្រចាំទូរទស្សន៍PNN និងនៅក្នុងក្លឹបកម្សាន្តមួយនារាជធានីភ្នំពេញ។ នាងបានធ្វើឲ្យទស្សនិកជនផ្ទុះសំណើចខ្លាំងគ្រាដែលនាងឡើងសម្តែងនៅលើឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍រហូតនាងទទួលបានការងារជាច្រើនបន្តបន្ទាប់ក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យតារាកំប្លែងមាឌធំរូបនេះរំជួលចិត្តជាខ្លាំងគ្រាដែលនាងនិយាយអំពីការងារសិល្បៈជោគជ័យតែមិនមានមានវត្តមានម្តាយបានមើលឃើញ។
នាងលើកឡើងថា ពិធីខួបកំណើតនាងរៀបចំធំដុំ២ទៅ៣ឆ្នាំម្តង ប៉ុន្តែអ្វីដែលប្លែកសម្រាប់ឆ្នាំនេះគឺមិនមានវត្តមានអ្នកម្តាយចូលរួមព្រោះតែម្តាយនាងបានស្លាប់បាត់បង់ជីវិតកាលពីបីឆ្នាំមុន។ នាងបញ្ជាក់ថា ឆ្នាំនេះនាងធ្វើធំជាងឆ្នាំរាល់ដងគ្រាដែលការងារសិល្បៈនាងរីកចម្រើនខ្លាំង ប៉ុន្តែនាងនៅតែស្តាយនិងមានអារម្មណ៍ថាឯកការគ្មានអ្នកនៅជិត ព្រោះតែម្តាយរបស់នាងមិនអាចនៅឈរអបនាងច្រៀងពន្លត់ភ្លើងទៀន។ នាងចាប់ផ្តើមអួលដើមកគ្រាដែលនិយាយថា នាងមិនទាន់បានតបស្នងសងគុណដល់អ្នកម្តាយឲ្យសាកសមទៅនឹងទំហំទឹកចិត្តអាណិតស្រលាញ់កូន និងមិនបានមើលឃើញពីភាពជោគជ័យមួយផ្នែកធំរបស់នាងក្នុងការងារសិល្បៈ។ នាងរំលឹកដែរថា ម្តាយនាងនៅតែឱបក្រសោបនិងពោលពាក្យស្រលាញ់នាងបើទោះបីជាមានការមាក់ងាយពីមនុស្សជាច្រើនថានាងជាភេទទីបី។ អ្វីដែលនាងចងចាំដែរនោះគឺសម្តីរបស់ម្តាយឲ្យប្រព្រឹត្តិខ្លួនឲ្យបានត្រឹមត្រូវគឺធ្វើការងារណាដែលសង្គមទទួលស្គាល់និងឲ្យតម្លៃហើយពាក្យទូន្មាននេះបានធ្វើឲ្យនាងទទួលបានជោគជ័យក្នុងជីវិត។
បើទោះបីជាមិនទាន់បានបំពេញការតបស្នងរបស់នាងចំពោះម្តាយក្តីក៏ឆ្នាំនេះនាងមានក្តីបំណងប្រាថ្នា សូមឲ្យការងាររីកចម្រើន ហើយអ្វីដែលនាងចង់បានធំបំផុតគឺចង់ឲ្យឪពុករបស់នាងមានសុខភាពល្អនិងនៅជាម្លប់ដល់កូនៗ៕
ដោយ៖ វឌ្ឍនា