ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសឲ្យដឹងកាលពីយប់ថ្ងៃទី៥ ខែ មករា ឆ្នាំ២០១៧ថា គណៈកម្មាធិការអូឡាំ ពិកអន្តរជាតិបានសម្រេចប្រគល់ពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC President’s Trophy” ជូនសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៥ខែមករាឆ្នាំ២០១៧ នៅវិមានសន្តិភាព។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា លោកបណ្ឌិត ថូម៉ាស់ បាច់ (Thomas Bach) ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចាត់ លោក សឺ មៀង (Ser Miang )សមាជិកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិដើម្បីប្រគល់ពានរង្វាន់ប្រធាន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC President’s Trophy” ជូនសម្តេចតេជោនៅ វេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៧ នៅវិមានសន្តិភាព ។
ប្រភពដដែលបានបញ្ជាក់ថា កន្លងមកគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្តល់ពានរង្វាន់របស់ខ្លួនជារៀងរាល់ឆ្នាំដល់ ឥស្សរជនដែលបានខិតខំប្រឹងប្រែងលះ បង់អស់មួយជីវិតដើម្បីកីឡា ។ ប៉ុន្តែពាន រង្វាន់មួយនេះគឺជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ផ្តល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ សម្តេច តេជោបានខិតខំប្រឹងប្រែងឧបត្ថម្ភ គាំទ្រ ដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាក៏ដូចជាបានជួយគាំទ្រនូវចលនាអូឡាំពិកឆ្ពោះ ទៅរកការកសាងពិភពលោកប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និង ឧត្តមគតិអូឡាំពិក ៕
ដោយ៖ សារីម