ប្រធានាធិបតីថ្មីអាមេរិកកន្លងមកបានប្រកាសថា នឹងមានការប្រកួតប្រជែងអាវុធ ក្រោយពេលលោកឡើងកាន់តំណែង ប្រធានាធិបតី។ ការប្រកាសខាលើរបស់លោកត្រាំក្រោយពេលដែលអាមេរិកខកខាននៅក្នុងការផលិតអាវុធទំនើបៗ ជាច្រើន ឆ្នាំកន្លងមក។
ការប្រកាសរបស់លោក ត្រាំ គឺជួនគ្នា នឹងអត្ថបទរបស់លោក David Andelman បានសរសេរអត្ថបទមួយចុះផ្សាយនៅលើសារព័ត៌មានអាមេរិក USA today ដោយ លោកបញ្ជាក់ថា «លើកនេះយើងបានចាញ់ នៅក្នុងការប្រកួតប្រជែងសព្វាវុធ»។
លោក David Andelman បញ្ជាក់ថា រុស្ស៊ីបានដាក់ឲ្យប្រើប្រាស់នូវយន្តហោះ ចម្បាំងដូចជា Mig 35 កាំជ្រួចមីស៊ីលការ ពារដែនអាកាស Panshir-S1 នៅក្នុងឃ្លាំងអាវុធយុទ្ធសាស្ត្រទៀតផង។ ប្រព័ន្ធសព្វា វុធទាំងនោះអាចវាយប្រហារទៅលើកាំជ្រួច មីស៊ីលមានស្លាបឬនាវាមុជទឹកបំបាំង កាយ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខសម្ភារយោធារបស់រុស្ស៊ីដល់ទៅ៧០ភាគរយជា របស់ថ្មីបំផុត។
លោក David Andelman បានសារភាព ថា ការប្រកួតប្រជែងសព្វាវុធនៅលើពិភពលោកមិនត្រឹមតែអាមេរិកនិងរុស្ស៊ីប៉ុណ្ណោះទេ គឺមានប្រទេសជាច្រើនបានចូលរួម។ លោកបញ្ជាក់ទៀតថាចិនក៏បានសាងសង់នាវាផ្ទុកយន្តហោះមួយគ្រឿងរួចជាស្រេចហើយពេលនេះចិនបន្តសាងសង់នាវាផ្ទុកយន្តហោះថ្មីមួយទៀតដែលបំពាក់ឧបករណ៍ ទំនើបមិនចាញ់នាវារបស់អាមេរិកនោះឡើយ។
ដើម្បីឆ្លើយទៅនឹងសំណួរសួរថា តើអ្នកណាជំរុញឲ្យមានការប្រកួតប្រជែងសព្វា វុធអ្នកសារព័ត៌មានអាមេរិកបានដកស្រង់សម្តីអតីតអគ្គនាយកក្រសួងចារកិច្ចអង់ គ្លេសលោក David Omand បញ្ជាក់ថា « អស់លោកបានអនុម័តការដាក់ទណ្ឌកម្មទៅលើប្រទេសជាច្រើនដូចជារុស្ស៊ី និងអីុរ៉ង់ ហើយប្រទេសទាំងនោះមិនបានប្រតិកម្ម តបតអ្វីនោះឡើយដោយសារតែពួកគេមាន វិធីសាស្ត្រវាយបកវិញប្រកបដោយប្រសិទ្ធភាព»។
ជាការពិតណាស់រយៈពេលកន្លងមក រុស្ស៊ីនិងអីុរ៉ង់បានបង្ហាញនូវសព្វាវុធថ្មីៗ ហើយដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព ចំណែកអាមេរិកវិញមិនមានសព្វាវុធណាមួយថ្មីបង្ហាញឲ្យពិភពលោកបានឃើញនៅឡើយ ទាំងនោះជាការបរាជ័យមួយនៅក្នុងការប្រកួតប្រជែងសព្វាវុធនៅលើ ពិភពលោក។
បច្ចុប្បន្នដោយសារតែមានវិវាទជាច្រើនបានកើតឡើងនៅលើពិភពលោក ពិសេស គឺវិវាទដែនអធិបតេយ្យ និងការពង្រីក អំណាចបានជំរុញឲ្យប្រទេសជាច្រើនត្រូវបង្កើនការផលិតសព្វាវុធក៏ដូចជាការបង្កើត ទិញសព្វាវុធជាដើម។
អាមេរិកជាប្រទេសមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅលើពិភពលោកតែ រយៈពេលកន្លងមកអាមេរិកមិនបានបង្ហាញ នូវសព្វាវុធថ្មីៗរបស់ខ្លួននោះឡើយដោយប្រើប្រាស់តែសព្វាវុធចាស់ៗតែប៉ុណ្ណោះ តែមានគុណភាព និងប្រសិទ្ធភាពជាង ប្រទេសនានានៅលើពិភពលោក។
អាមេរិកមាននាវាផ្ទុកយន្តហោះដល់ទៅ១១គ្រឿងដើរដោយថាមពលបរមាណូ និងកងពលនាវាចម្បាំងដ៏រឹងមាំនិងទំនើបបំផុតលើពិភពលោកគ្មានប្រទេសណាអាច ប្រៀបផ្ទឹមបានឡើយ។ មិនត្រឹមតែមាន សព្វាវុធទំនើបៗប៉ុណ្ណោះ កម្លាំងទាហានអាមេរិកមានបទពិសោធន៍ច្រើនក្នុងការធ្វើសង្គ្រាមក៏ដូចជាការកម្ទេចនាវាផ្ទុកយន្តហោះរបស់សត្រូវ។
និយាយរួមអាមេរិកអាចកម្ទេចនាវាផ្ទុកយន្តហោះសត្រូវបានតែសត្រូវមិនអាចកម្ទេចនាវាផ្ទុកយន្តហោះរបស់អាមេរិកបាន ឡើយ។ អាមេរិកទទួលបានបទពិសោធន៍ជាច្រើននៅក្នុងសង្គ្រាមលោកលើកទីពីរ និងសង្គ្រាមត្រជាក់។
ទន្ទឹមនឹងសព្វាវុធទំនើបៗកម្លាំងទាហាន អាមេរិកបាននាំមុខទាហានចិនពីបទ ពិសោធន៍នៅក្នុងការធ្វើសង្គ្រាម។ ចិនមិនដែលចូលរួមនៅក្នុងសង្គ្រាមថ្នាក់អន្តរជាតិណាមួយនោះឡើយ ចាប់តាំងពីឆ្នាំ១៩៧៩ បន្ទាប់ពីវាយប្រហារចូលព្រំដែនភាគខាងជើងប្រទេសវៀតណាម ហើយទទួលរងនូវការខូចខាតបរាជ័យជាច្រើន។
ក្នុងពេលជាមួយគ្នានេះកម្លាំងទាហានអាមេរិកបានចូលរួមក្នុងសង្គ្រាមជាបន្ត បន្ទាប់ចាប់តាំងពីឆ្នាំ១៩៩១មក។ អាមេរិកបានបញ្ជូនកម្លាំងទៅវាយប្រហារប្រទេសជាច្រើនក្នុងនោះមានអីុរ៉ាក់ អាហ្វហ្គានីស្ថាន ជាដើម។
ក្រៅពីនេះអាមេរិកមានអាទិភាពជាងគេបង្អស់នៅលើពិភពលោកគឺបណ្តាញ អាមេរិកមានប្រទេសជាសម្ពន្ធមិត្តខ្លាំងៗ លំដាប់ពិភពលោកជាច្រើនរហូតដល់៦០ប្រទេស។
មូលនិធិសម្រាប់ការពារជាតិរបស់ អាមេរិកនិងប្រទេសសម្ពន្ធមិត្តមានរហូត ដល់៨០ភាគរយសរុបការចំណាយសម្រាប់ ការពារជាតិនៅលើពិភពលោក។
ចំណែកចិននាពេលនេះមានប្រទេសសម្ពន្ធមិត្តជិតស្និទ្ធបំផុតគឺកូរ៉េខាងជើង និង ប៉ាគីស្ថាន។ ចិនក៏បានសហការទិញសព្វាវុធពីប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែការមិនមាន ទំនុកចិត្តគ្នាធ្វើឲ្យចិននិងរុស្ស៊ីពិបាកចាត់ ទុកគ្នាជាសម្ពន្ធមិត្ត។
រុស្ស៊ីមានទំនាក់ទំនងជាមួយប្រទេសជាច្រើនដែលជាសត្រូវរបស់ចិន ក្នុងនោះមានទាំងឥណ្ឌនិងប្រទេសក្នុងតំបន់អាស៊ាន មានវៀតណាមជាដើម។ កន្លងមករុស្ស៊ីបាន លក់កាំជ្រួចមីស៊ីលឲ្យវៀតណាមធ្វើឲ្យចិន ខឹងសម្បាយ៉ាងខ្លាំង។
ចំពោះសត្រូវយុទ្ធសាស្ត្ររបស់អាមេរិកនាពេលនេះគឺចិនក៏កំពុងតែបង្កើតការផលិត សព្វាវុធទំនើបៗជាច្រើនផងដែរ។ កម្លាំង ទាហានចិនចាប់ផ្តើមឡើងដោយកម្លាំងថ្មើរ ជើង ហើយបានបំពាក់កាំជ្រួចមីស៊ីលមួយចំនួនតូចតែប៉ុណ្ណោះដែលបាញ់ចេញពី ជើងទម្រអចលនាអាចបំពាក់ក្បាលគ្រាប់បរមាណូ។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ កម្លាំងទាហានចិនចាប់ផ្តើមបោះ ជំហានទៅឆ្ងាយជាងមុនដោយពង្រីកកម្លាំង ទាហានជើងទឹកនិងដែនអាកាស និងកាំជ្រួច មីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូមាន កម្រិតចំគោលដៅខ្ពស់ ហើយអាចបាញ់ ចំគោលដៅចល័តនៅលើដែនសមុទ្រ ទៀតផងដូចជានាវាចម្បាំងនាវាផ្ទុកយន្តហោះរបស់អាមេរិកជាដើម។
នៅក្នុងពេលនេះចិនកំពុងតែធ្វើឲ្យទំនើប ជាងមុននៅឃ្លាំងអាវុធបរមាណូរបស់ខ្លួន តាមរយៈបំពាក់ក្បាលគ្រាប់បរមាណូនៅលើកាំជ្រួចមីស៊ីលមានជើងទម្រចល័ត និងកាំជ្រួចមីស៊ីលបំពាក់នៅលើនាវាមុជទឹក។
តាមឯកសារយោធាបានបង្ហាញឲ្យ ឃើញថា ចិនទទួលស្គាល់គម្លាតដ៏ធំរវាង រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រទេសដែលជាសត្រូវដែលមានសព្វាវុធទំនើបៗ។ ប៉ុន្តែ ចិនបានជំរុញឲ្យមានយុទ្ធសាស្ត្រ «ក្រុម ខ្សោយដាក់គំនាបលើក្រុមខ្លាំង»។
ចិនមានលទ្ធភាពវាយប្រហារតាម បណ្តាញខ្ពស់ ហើយរដ្ឋាភិបាលចិនបាន ចំណាយប្រាក់យ៉ាងច្រើនសម្រាប់បង្កើត កម្លាំងវាយប្រហារតាមបណ្តាញដែលចិនហៅថាកម្លាំងទាហានបណ្តាញ។ ការដែល ចិនផ្តោតសំខាន់ទៅលើការវាយប្រហារតាម បណ្តាញធ្វើឲ្យអាមេរិកបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំង គេអាចនិយាយបានថាចិនកំពុងនាំមុខអាមេរិកនៅក្នុងសង្គ្រាមវាយប្រហារតាមបណ្តាញ៕
ប្រេសម្រួល៖ ម៉ែវ សាធី