ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់វ័យ ចាស់អាស៊ានបានលើកពានរង្វាន់៧មករាឆ្នាំ២០១៧ក្រោយពីលេងឈ្នះក្រុមវ័យចាស់សាលាខណ្ឌដង្កោក្នុងលទ្ធផល៥ទល់៣ ខណៈដែលក្រុមកីឡាករបាល់ទះវ័យចាស់ក្លិបវិទ្យាល័យខណ្ឌច្បារអំពៅលើកពាន អភិបាលនៃគណៈអភិបាលសាលារាជធានី ភ្នំពេញកាលពីរសៀលថ្ងៃទី៥ខែមករាឆ្នាំ ២០១៧នៅទីលានវិទ្យាល័យជា ស៊ីម បឹងកេងកង ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១២ផងដែរ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានឲ្យ ដឹងថា ការប្រកួតកីឡាបាល់ទាត់ បាល់ទះ មន្ត្រីរាជការ ធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរខួបលើកទី៣៨ទិវាជ័យជម្នះ៧មករា១៩៧៩-២០១៧ ដោយមានក្រុម កីឡាករ មកពី អង្គភាព ស្ថាប័ន ជុំវិញ សាលារាជធានីភ្នំពេញ ក្នុងនោះប្រភេទ កីឡាបាល់ទះមាន៤ក្រុមនិងប្រភេទកីឡាបាល់ទាត់មាន៨ក្រុម ។
ជាលទ្ធផលប្រភេទកីឡាបាល់ទះ ចំណាត់ថ្នាកក់លេខ១បានទៅក្រុមវ័យ ចាស់ វិទ្យាល័យច្បារអំពៅទទួលបានពាន១និងថវិកាចំនួន២លានរៀល, ចំណាត់ថ្នាក់ លេខ២ក្រុមវ័យចាស់សាលាខណ្ឌសែន សុខ ទទួលបានថវិកា១លានរៀល, ចំណាត់ថ្នាក់លេខ៣បានទៅក្រុមវ័យចាស់សាលាខណ្ឌជ្រោយចង្វាទទួលបាននូវថវិកាចំនួន៨០ម៉ឺនលានរៀល។
ប្រភេទកីឡាបាល់ ទាត់ចំណាត់ថ្នាក់លេខ១បានទៅក្រុមវ័យចាស់អាស៊ាន ទទួលបានពានរង្វាន់១ទង់ អនុស្សាវរីយ៍១អមនឹងថវិកាចំនួន៣លានរៀល, ចំណាត់ ថ្នាក់លេខ២បានទៅក្រុម វ័យចាស់សាលាខណ្ឌដង្កោទទួលបានទង់អនុស្សាវរីយ៍១ អមនឹងថវិកាចំនួន២លានរៀលនិងចំណាត់ថ្នាក់លេខ៣បានទៅក្រុមវ័យចាស់ មន្ទីរអបរំយុវជននិងកីឡារាជធានីភ្នំពេញទទួលបានទង់អនុស្សាវរីយ៍១និងថវិកាចំនួន១លានរៀល ។
នៅក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញបានថ្លែងថា ការប្រកួត កីឡានេះគឺដើម្បីអបអរសាទរខួបលើកទី៣៨ទិវាជ័យជម្នះ៧មករា១៩៧៩-២០១៧និងដើម្បីសុខភាពផងពីព្រោះកីឡាកររបស់យើងចាស់ ដូច្នេះមិនអាចឲ្យទៅជាកីឡាករជម្រើសជាតិបាននោះទេ ។ ប៉ុន្តែយើងចង់ឲ្យការប្រកួតនេះក្លាយទៅជាការប្រកួតក្នុងក្របខ័ណ្ឌថ្នាក់ជាតិមួយ ។
លោកអភិបាលរាជធានីបានថ្លែង បញ្ជាក់ថា “ថ្ងៃ៧មករា មិនមែនគ្រាន់តែជា ថ្ងៃជ័យជម្នះរំដោះទីក្រុងភ្នំពេញប៉ុណ្ណោះទេគឺបានក្លាយទៅជានិមិត្តរូបនៃការរំដោះពីរបបប្រល័យពូជសាសន៍សម្រាប់ទូទាំងប្រទេស ដូចេះពានរង្វាន់៧មករានេះយើងនឹងរៀបចំឲ្យទៅជាផ្លូវការយើងនឹងដាក់ចូលទៅក្នុងរដ្ឋាភិបាលដើម្បីទទួលស្គាល់ថាពាននេះជាពាន៧មករាសម្រាប់ផ្តល់ដល់ការលើកទឹកចិត្ត នៅក្នុងការប្រកួតកីឡាគ្រប់ វិញ្ញាសា នៅរាជធានីភ្នំពេញ”៕
ដោយ៖ សារីម+សំរឹទ្ធ