ភ្នំពេញ៖ លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់ឲ្យដឹង កាលពីថ្ងៃថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៧ថា ព្រឹត្តិការណ៍ប្រកួតវាយសីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាជ័យជម្នះ៧មករា ដែលសហព័ន្ធវាយសី កម្ពុជាតែងតែរៀបចំជារៀងរាល់ឆ្នាំនោះ នឹងដំណើរការប្រកួតរយៈពេល២ថៃ្ង ចាប់ពីថៃ្ងទី១៤ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំង ។
លោកអគ្គលេខាធិការរងរូបនេះបាន បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី អបអរសាទរខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ៧មករាសហព័ន្ធបានរៀបចំឡើងអស់ រយៈពេល១៧ឆ្នាំមកហើយក្រោមគំនិត ផ្តួចផ្តើមរបស់ លោក ឯក លីកុសល ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជាក្នុងគោល បំណងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ជ័យជម្នះ៧មករាដែលជាថៃ្ងផ្តួលរំលំរបប ប្រល័យពូជសាសន៍ប៉ុលពត និងជាថ្ងៃផ្តល់កំណើតទី២ជូនប្រជាជនកម្ពុជាទូទាំង ប្រទេសឲ្យមានសិទ្ធិសេរីភាពឡើងវិញនិងប្រែមុខមាត់ប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះក៏មានវិស័យកីឡាផងដែរ។ ចំពោះព្រឹត្តិការណ៍ប្រកួតនេះក៏ជាការចូល រួមចំណែកបំផុសឲ្យយុវជនចូលលេង កីឡាវាយសីនៅតាមបណ្តាខេត្តដើម្បីជ្រើសរើសយកនូវធនធានថ្នាលល្អៗមកធ្វើការ បណ្តុះបណ្តាលហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកបន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតវាយសីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ទិវាជ័យជម្នះ៧មករានេះសហព័ន្ធបានកំណត់វិញ្ញាសាដាក់ប្រកួតចំនួន៨វិញ្ញាសា ដូចជាវិញ្ញាសាវាយគូបុរស អាយុ ១៩ឆ្នាំឡើង វិញ្ញាសាប្រកួតវាយគូបុរស អាយុ១៩ឆ្នាំចុះ វិញ្ញាសាប្រកួតវាយគូនារី មិនគិតអាយុ វិញ្ញាសាវាយគូរបុរសអាយុ១៦ឆ្នាំចុះ វិញ្ញាសាគូកុមារាអាយុក្រោម១៣ឆ្នាំ វិញ្ញាសាវាយគូបុរសវ័យចាស់អាយុ៥០ឆ្នាំឡើង វិញ្ញាសាវាយគូបុរសវ័យកណ្តាល អាយុពី៤០ដល់៥០ឆ្នាំ និងវិញ្ញាសាវាយគូ បុរស-នារី អាយុក្រោម១៦ឆ្នាំ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតវាយសីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ទិវា ជ័យជម្នះ៧មករានេះប្រាក់រង្វាន់ចំណាត់លេខ១ទទួលបានថវិកា២៥០ដុល្លាអាមេរិក ចំណាត់ថ្នាក់លេខ២ទទួលបានថវិកា១៥០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ទទួលបានថវិកាចំនួន១០០ដុល្លារ ៕
ដោយ៖ សារីម