អាជ្ញាធរថៃចាប់បញ្ជូនក្មេងស្រីខ្មែរតូចៗ៨នាក់ដើរសុំទាននិងលក់ផ្កានៅក្នុងប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតប្រគល់ឱ្យអាជ្ញាធរកម្ពុជា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីកូនខ្មែរតូចៗចំនួន៨នាក់ត្រូវគេប្រើប្រាស់កេងកម្លាំងពលកម្មឱ្យដើរសុំទាននិងលក់ផ្កានៅក្នុងប្រទេសថៃត្រូវអាជ្ញាធរថៃចាប់បញ្ជូនតាម ច្រកអន្តរជាតិប៉ោយប៉ែតដើម្បីប្រគល់ឱ្យអាជ្ញាធរកម្ពុជា យកទៅអប់រំ ។

004

ការបញ្ជូនក្មេងស្រីតូចៗទាំង៨នាក់នោះអាជ្ញាធរថៃធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីក្មេងស្រីខាងលើត្រូវបានអាជ្ញាធរថៃចាប់ប្រមូលបាននៅក្នុងខេត្ត ភូកេត និងខេត្តណុនថៈបុរី ខណៈពួកគេកំពុងតែដើរសំទាននិងលក់ផ្កា នៅក្នុងខេត្តទាំង២នេះ។

ក្មេងស្រីតូចទាំង៨នាក់នោះដែរបន្ទាប់ពីអាជ្ញាធរថៃចាប់បញ្ជូន ដល់ក្រុងប៉ោយប៉ែត គេឃើញនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានទៅសម្ភាសន៍កុមារីទាំង៨នាក់ផ្ទាល់ ដើម្បីស្រាវជ្រាវវែកមុខរកមេខ្យល់ នៅពីក្រោយដែលនាំកុមារទាំងនោះយកសុំទាននិងលក់ផ្កានៅក្នុងប្រទេសថៃ ដើម្បីស្វែងរកចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ក្រោយពីសមត្ថកិច្ចសម្ភាសន៍ក្មេងស្រីទាំងនោះ គឺពួកគេចេញទៅប្រទេសថៃតាមរយៈបងប្អូន និងឳពុកម្តាយ មិនជាប់ពាក់ព័ន្ធនិងមេខ្យល់នោះទេ ហើយមានក្មេងស្រីខ្លះបានស្នាក់ នៅក្នុងប្រទេសថៃចាប់៣ខែ ទៅ១ឆ្នាំ ។ក្មេងស្រីទាំងនោះក៏បានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា ពួកគេដើរសុំទាន និងលក់ផ្កា បានប្រាក់ប្រគល់ឱ្យឪពុកម្តាយ និងបងប្អូនដែល រស់នៅក្នុងប្រទេសថៃនោះ ។

លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថាពាក់ព័ន្ធនិងការប្រើប្រាស់ក្មេងតូចៗពីសំណាក់ឳពុកម្តាយនិងបងប្អូនដែលជាអាណាព្យាបាលក្នុងរូបភាពដើរសុំទាននិងលក់ផ្កាបែបនោះជាទង្វើខុសច្បាប់ គេចាត់ទុកថាគឺជាការកេងកម្លាំងកុមារធ្ងន់ធ្ងរ ។ទោះបីឳពុកម្តាយរឺអាណាព្យាបាលក៏គ្មានសិទ្ធិប្រើប្រាស់កម្លាំងកូននៅតូចៗដើររកប្រាក់ដើម្បីបំរើផលប្រយោជន៍ក្នុងក្រុមគ្រួសារបែបនោះទេ។លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ក្មេងស្រីខាងលើ ត្រូវ បែកពីឳពុកម្តាយ និងបងប្អូនពួកគេ បន្ទាប់ពីអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសកកម្ពុជាវិញ ហើយ ក្មេងទាំង៨នាក់នេះបន្ទាប់មកត្រូវបានអាជ្ញាធរកម្ពុជា បញ្ចូនទៅស្នាក់នៅរៀនសូត្រក្នុងមណ្ឌលអង្គការ កម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិនៅក្នុងខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា កន្លងមកមានសេចក្តីរាយការណ៍ឱ្យដឹងថាធ្លាប់មានករណីកុមាតូចៗត្រូវបានមេខ្យល់ធ្វើការជួញដូរប្រើប្រាស់កម្លាំងពលកម្មដើរសុំទាននិងលក់ផ្កា នៅក្នុងប្រទេសថៃ ។សកម្មភាពដែលនាំឱ្យមាន ការប្រើប្រាស់កម្លាំងកុមារធ្វើបែបនោះ ដោយសារតែមេខ្យល់ទិញទឹកចិត្តឳពុកម្តាយកុមារទាំងនោះជាថ្នូរនិងការឱ្យប្រាក់បន្តិចបន្តួច ៕

002

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print