លួចប្ដីគេហើយលួចទាំងកាំភ្លើងជំរិតទារប្រាក់២.០០០ដុល្លារពីគេទៀត

ចែករំលែក៖

ខេត្តកំពង់ចាម៖ ស្ត្រីជើងល្អម្នាក់បានលួចកាំភ្លើងAK៤៧របស់មន្ត្រីនគរបាលប៉ុស្តិ៍ហើយយកទៅលាក់ និងជំរិតទារប្រាក់លោះកាំភ្លើងតំលៃ២០០០ដុល្លារ ពេលប្រគល់ប្រាក់ និងរកកាំភ្លើងឃើញហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីល្មើសនាំមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់សាកសួរ និងបំពេញសំណុំឯកសារតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី ជា ធារិទ្ធ អធិការនគរបាលស្រុកស្ទឹងត្រង់បានអោយដឹងថា នៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៥ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីឈ្មោះ ពៅ សុភាព អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចេកជ្វា ឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ពីបទលួចកាំភ្លើងរបស់សមត្ថកិច្ច និងជំរិតទារប្រាក់២០០០ដុល្លារ ។

ប៉ូលិសបានអោយដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ឈ្មោះសួស សារឿន អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍យាមចំការកៅស៊ូក្រុមហ៊ុនឡុងស្រេងបឹងកេត បានបាត់អាវុធAK៤៧មួយដើម ក្រោយពីបាត់កាំភ្លើងនេះ ក៏លេចឮដំណឹងពីស្ត្រីឈ្មោះពៅ សុភាព ថា«បើចង់រកឃើញកាំភ្លើងនេះអោយ២០០០ដុល្លារមកនឹងរកឃើញហើយ» ។

បន្ទាប់មក នាយនគរបាលប៉ុស្តិ៍ការពារចំការកៅស៊ូបឹងកេតបានប្រគល់លុយ២០០០ដុល្លារអោយកំលាំងភ្នាក់ងារយកទៅអោយស្ត្រីឈ្មោះពៅ សុភាព នៅពេលបានប្រាក់គ្រប់ចំនួនហើយនាងពៅសុភាពបានប្រាប់ពីកន្លែងលាក់អាវុធនៅចំណុចក្បាលជ្រោះ៧០ស្ថិតក្នុងភូមិចេកជ្វា ។

លោកជា ធារិទ្ធបានបញ្ជាក់ថានៅថ្ងៃទី១៤ខែសីហាឆ្នាំ២០១៥នៅពេលរកឃើញកាំភ្លើងនេះរួចហើយសមត្ថកិច្ចក៏ឃាត់ខ្លួនស្ត្រីឈ្មោះពៅ សុភាពនៅលំនៅដ្ឋានរបស់នាងនិងឆែកឆេររកឃើញប្រាក់នួន១.៨០០ដុល្លារ (បាត់២០០ដុល្លារ)ដែលនាងពៅសុភាពលាក់ទុកនៅផ្ទះរបស់ខ្លួន ។ តាមចំលើយសារភាពរបស់នាងពៅសុភាពបានអោយដឹងថាកន្លងមកនាង(ពៅសុភាព)បានទំនាក់ទំនងស្នេហាជាមួយសួស សារឿនជាមន្ត្រីនគរបាលប៉ុស្តិ៍ហើយបានសន្យាយកគ្នាប្ដីប្រពន្ធទោះបីនាងសុភាពដឹងថាឈ្មោះសារឿនមានប្រពន្ធដើមនៅស្រុកព្រៃឈរក៏ដោយ ក៏នាងសុខចិត្តធ្វើប្រពន្ធចុងដែរ ។

ក្រោយពីបានគ្នាជាប្ដីប្រពន្ធច្រើនខែកន្លងមកឈ្មោះសារឿនទំនងជាដោះដៃចេញពីនាងវិញទើបនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នាងពៅសុភាពបានទៅលេងឈ្មោះសារឿន ដល់កន្លែង ហើយបានលួចកាំភ្លើងAK៤៧មកលាក់ទុក និងទារប្រាក់២.០០០ដុល្លារទើបនាងត្រូវសមត្ថកិច្ចចាប់ខ្លួន ។

ស្ត្រីសង្ស័យ ពៅ សុភាពបានសម្ដែងការស្តាយក្រោយថា ពេលនេះនាងអស់ទាំងខ្លួនប្រាណអស់ទាំងសេរីភាព ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន ៕

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print